ព័ត៌មានទាន់ហេតុការណ៍៖

លោក គួច ចំរើន បានអំពាវនាវដល់ពលរដ្ឋ និងភ្ញៀវទេសចរ ផ្អាកធ្វើដំណើរតាមផ្លូវទឹកដើម្បីជៀសវាងជួបគ្រោះថ្នាក់យថាហេតុណាមួយដោយសារបញ្ហាអាកាសធាតុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ តាមការព្យាកររបស់ក្រសួងធនធានទឹកនិងឧតុនិយម ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ តំបន់មាត់សមុទ្រនឹងមានខ្យល់បក់បោក និងមានរលកសមុទ្រខ្ពស់។

ផ្អែកតាមការព្យាករនេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានអំពាវនាវដល់ពលរដ្ឋ និងភ្ញៀវទេសចរ ផ្អាកធ្វើដំណើរតាមផ្លូវទឹកដើម្បីជៀសវាងជួបគ្រោះថ្នាក់យថាហេតុណាមួយដោយសារបញ្ហាអាកាសធាតុ។

លោក គួច ចំរើន បានណែនាំឱ្យអាជ្ញាធរទប់ស្កាត់ពលរដ្ឋ និងអ្នកនេសាទផ្អាកធ្វើដំណើរតាមផ្លូវសមុទ្រជាបណ្តោះអាសន្នសិន ហើយប្រសិនពួកគាត់បានធ្វើដំណើរទៅតាមកោះ ក៏ត្រូវមានទំនាក់ទំនងមកខាងសហគមន៍ ឬអាជ្ញាធរដើម្បីឱ្យពួកគាត់បានត្រឡប់មកដីគោកវិញ។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថាចាប់ពីថ្ងៃទី១៥ ខែកក្កដា ព្យុះនឹងចូលមកសមុទ្រចិនខាងត្បូង និងបន្តឆ្ពោះមកសមុទ្រខាងជើងវៀតណាមអំឡុងថ្ងៃទី១៩ ខែកក្កដា នឹងធ្វើឱ្យតំបន់ទំនាប ខ្ពង់រាប និងមាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ និងមានខ្យល់បក់បោក រលកខ្ពស់ៗ។

ក្រសួងធនធានទឹក អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់អំពីបាតុភូតខាងលើនេះ។ 

ចាប់ពីថ្ងៃទី១៥ – ២០ ខែកក្កដា ឆ្នាំ២០២៣ នឹងអាចមានភ្លៀងធ្លាក់ និងខ្យល់ប្រែប្រួលក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ នេះជាការបញ្ជាក់ពីការ  ផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ អំពី សេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពធាតុអាកាស ។

       យោងលើស្ថានភាពធាតុអាកាសជាបន្តបន្ទាប់បង្ហាញឲ្យឃើញថា ក្នុងមហាសមុទ្រភាគខាងជើងប្រទេសហ្វីលីពីន សម្ពាធទាបសកម្មមួយកំពុងនឹងវិវត្តខ្លួនជាបន្តបន្ទាប់ដែលនឹងអាចក្លាយទៅជាព្យុះទី៤ ។ នៅថ្ងៃទី១៥ ខែកក្កដា ព្យុះនេះនឹងចូលមកក្នុងសមុទ្រចិនខាងត្បូង រួចបន្តដំណើរឆ្ពោះទៅខាងជើងប្រទេសវៀតណាម អំឡុងថ្ងៃទី១៩ ខែកក្កដា ។ 

      ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

              – តំបន់វាលទំនាប នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។

        – តំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់ និងខ្យល់ប្រែប្រួលក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ 

        – តំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១៦-២០ ខែកក្កដា ផ្ទៃមេឃអាប់អួរ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន ។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ ។ 

          អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើង ជាយថាហេតុ ៕

ដោយ ៖ សិលា


ចែករំលែក៖