ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប ៖ ស្ថានភាពទូទៅថ្ងៃទីដប់ប្រាំ នៃការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ស្ថានភាពទូទៅថ្ងៃទីដប់ប្រាំ នៃការឃោសនា​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គឺមានគណបក្សនយោបាយ ចំនួន ១២ បានធ្វើសកម្មភាព​ឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៥ បានហែក្បួនឃោសនារកសំឡេងឆ្នោត។ ហើយបានប្រព្រឹត្ត​ទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ នេះបើយោងតាមសេចក្តី​ប្រកាសព័ត៌មានរបស់ គ.ជ.ប នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

ទី១: គណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តតាកែវ មណ្ឌលគិរី កំពង់ចាម កំពង់ធំ ពោធិ៍សាត់ បាត់ដំបង និងមណ្ឌលរាជធានីភ្នំពេញ។ 

ទី២: គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តស្ទឹងត្រែង មណ្ឌលខេត្តកំពង់ស្ពឺ និងមណ្ឌលខេត្តព្រះសីហនុ។

 ទី៣: គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនានៅមណ្ឌលខេត្តកណ្តាល និងមណ្ឌលខេត្តកំពង់ចាម។ 

ទី៤: គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តក្រចេះ ។

និង ទី៥: គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលខេត្តបន្ទាយមានជ័យ។

ចំណែកគណបក្សនយោបាយ ចំនួន ៧ ទៀត រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សធម្មាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សយុវជនកម្ពុជា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សខ្មែរតែមួយ បានធ្វើការឃោសនាបោះឆ្នោត តាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្ស ចាក់មេក្រូផ្សព្វផ្សាយ នៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដា នៅទីសាធារណៈ ប្រគំតន្ត្រី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌល បោះឆ្នោតដែលខ្លួនឈរឈ្មោះ។

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីដប់ប្រាំនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ល្អនឹងគ្មាន អំពើហិង្សា ។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងដំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕

ដោយ ៖ សិលា


ចែករំលែក៖