ភ្នំពេញ៖ លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់អ្នកកាសែតឱ្យនៅថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៣នេះថា ស្ថានភាពខ្យល់នៅលើផ្ទៃសមុទ្រថ្ងៃនេះ(១៧កក្កដា)និងថ្ងៃស្អែកក៏នៅតែខ្លាំងដោយមានល្បឿនខ្លាំងដល់ជាង ២២ណត់ក្នុង១វិនាទី។ នៅព្រឹកថ្ងៃទី១៨ខែកក្កដាខ្យល់អាចចុះនៅក្នុងរង្វង់១៥ទៅ១៦ណត់ក្នុង១វិនាទី ដោយ សារឥទ្ធិពលព្យុះទី៤ឈ្មោះតាលីម(TALIM )។
អ្នកនាំពាក្យក្រសួងធនធានទឹករូបនេះបញ្ជាក់ថា នៅ ពេលព្យុះទី៤ឡើងគោកនៅខាងជើងប្រទេសវៀតណាមនៅថ្ងៃទី១៨ខែកក្កដា ក្រោយពីបានហោះកាត់លើចន្លោះកោះហៃណាំនិងដីគោក នឹងមានសម្ពាធទាបមួយទៀតកកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូងធ្វើឱ្យស្ថានភាពខ្យល់នៅតែមានឥទ្ធិពលខ្លាំង ហើយភ្លៀងនៅតែមានបន្តធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរនៅតំបន់ខ្ពង់ រាបភាគឦសាន តែនៅតំបន់មាត់សមុទ្រមានភ្លៀងច្រើននិងតំបន់ផ្សេងពីនេះមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។
ក្រសួងធនធានទឹកននិងឧតុនិយមកាលពីល្ងាចថ្ងៃទី ១៤ខែកក្កដាឆ្នាំ២០២៣ បានជូនដំណឹងបន្ថែមស្តីពីស្ថានភាពធាតុអាកាសសម្រាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២៣ថាសម្ពាធទាបសកម្មនៅលើភាគខាងជើងប្រទេសហ្វីលីពីនបានវិវត្តខ្លួនជាបន្តបន្ទាប់ទៅ ជាព្យុះទី៤នៅថ្ងៃទី១៥ខែកក្កដា ។ ព្យុះនេះនឹងចូលមកក្នុងសមុទ្រចិនខាងត្បូង រួចបន្តដំណើរឆ្ពោះទៅខាងជើងប្រទេសវៀតណាមនៅកំលុងថ្ងៃទី១៩ខែកក្កដា ។
ក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថា ស្ថានភាពអាកាសធាតុបែបខាងលើនឹងធ្វើឲ្យតំបន់វាលទំនាបអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។សម្រាប់តំបន់ខ្ពង់រាបអាចមានភ្លៀងធ្លាក់និងខ្យល់ប្រែប្រួលក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ នៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ខែកក្កដា ផ្ទៃមេឃអាប់អួរ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន ។ នៅលើផ្ទៃ សមុទ្រមានភ្លៀងខ្យល់បក់បោកខ្លាំងនិងរលកសមុទ្រខ្ពស់ៗ ៕
ដោយ៖ សូរិយា