ភ្នំពេញ ៖ តាមអំណាចសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ លេខ១៨៣២ ចុះថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២៣បានប្រកាសសម្រេចផ្ដន្ទាទោសលោកមេធាវី ផេង សុីដេត ដាក់ពន្ធនាគារកំណត់២ឆ្នាំ តែទោសនេះត្រូវព្យរទាំងអស់ ក្រោមការចោទប្រកាន់ពីបទ”ផ្ដល់សក្ខីកម្មក្លែង” និងបង្គាប់ឱ្យសងជំងឺចិត្តទៅដើមបណ្ដឹងចំនួន៤លានរៀល ។ ចំណែកបទចោទពីបទបរិហារបង្កាច់កេរ្តិ៍ត្រូវបានតុលាការសម្រេចលើកលែងការចោទ និងបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។
សូមរម្លឹកថា កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ លោក លី សុខា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងព្រហ្មទណ្ឌលេខ៣២៥៧ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ មកបើកសវការជាសាធារណៈដែលមានជនជាប់ចោទឈ្មោះ ផេង ស៊ីដេត ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេធាវី ជាប់ចោទពីបទផ្តល់សក្ខីកម្មក្លែងក្លាយ និងបទបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ តាមច្បាប់បញ្ញត្តិមាត្រា៣១១ និងមាត្រា ៥៤៥ នៃក្រមព្រហ្មទណ្ឌ ។ ដើមបណ្តឹងក្នុងសំណុំរឿងខាងលើនេះ គឺលោកស្រី ឃី ជឺ ជាអ្នកសារព័ត៌មានអនឡាញឈ្មោះ”ស្រឡាញ់យុត្តិធម៌” ផ្តើមចេញពីរឿងដីវត្តគោកបញ្ជាន់ ដែលអ្នកលក់យកលុយចែកគ្នាចាយហ្មត់ហើយ បើមិនជឿទៅសួរព្រះចៅអធិការនិងគណៈកម្មការវត្ត ដឹងទាំងអស់ ។ នៅក្នុងបន្ទប់សវនាការជនជាប់ចោទ ឈ្មោះ ផេង ស៊ីដេត បានឈរក្នុងរង្វង់ក្រចកសេះដើម្បីផ្តល់ចម្លើយ ក្នុងការសួរដេញដោលលើអង្គហេតុបណ្ដាលឱ្យមានការចោទប្រកាន់ពីសំណាក់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ប៉ុន្តែជនជាប់ចោទហាក់បីដូចជាមិនឆ្លើយត្រូវទៅនឹងសំនួររបស់ចៅក្រមជំនុំជម្រះនិងតំណាងអយ្យការឲ្យបានពេញលេញនោះទេ ពោលគឺជនជាប់ចោទបានលើកយកសំណុំរឿងផ្សេងៗមកអំណះអំណាងទៅវិញ ។ ដូចត្រង់ចំណុចដែលតុលាការសួរថា តើអ្នកណាជាអ្នកធ្វើលិខិតចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ជនជាប់ចោទបានឆ្លើយបំភ្លឺមកតុលាការ ពីរឿងដែលលោកស្រី ឃី ជឺ ប្ដឹងព្រះតេជព្រះគុណ សេង ថង រឿងលក់ដីវត្តគោកបញ្ជាន់ ដោយលិខិតនោះបានសរសេរចោទប្រកាន់លោកស្រី ឃី ជឺ ថាជាអ្នកលោភលន់ចង់បានដីវត្ត និងចោទថាឈ្មោះ ឃី ជឺ ជាអ្នកស្នើសុំចុះបញ្ជីយកដីវត្តជាកម្មសិទ្ធិផ្ទាល់ខ្លួន ។
លោកមេធាវី ផេង សុីដេត បានឆ្លើយថា ខ្លឹមសារលិខិតបំភ្លឺនោះជាឆន្ទៈរបស់ព្រះសង្ឃ សេង ថង ទៅវិញ ដូច្នោះគឺផ្ទុយពីខ្លឹមសារក្នុងលិខិតបំភ្លឺដាក់ជូនតុលាការទាំងស្រុង ។ ចុងបញ្ចប់ចៅក្រមជំនុំជំរះក្នុងរឿងក្ដីនេះបានលើកឡើងថា ភាពខុសឆ្គងនិងការចោទប្រកាន់គេដោយពុំមានមូលដ្ឋានត្រឹមត្រូវនេះហើយទើបលោកស្រី ឃី ជឺ ប្ដឹង ព្រោះជនដែលស្នើសុំចុះបញ្ជីដីវត្តគោកបញ្ជាន់ មិនមែនលោកស្រីឃី ជឺ ដូចក្នុងលិខិតបំភ្លឺរបស់លោកមេធាវីទេ ។ ចំណែកលោកស្រី ឃី ជឺ បានស្នើសុំឱ្យតុលាការវិនិច្ឆ័យលើសំណុំរឿងនេះទៅតាមច្បាប់ បានជាចៅក្រមជំនុំជម្រះប្រកាសសាលក្រមផ្ដន្ទាទោសលោកមេធាវី ផេង សុីដេត ដាក់ពន្ធនាគារកំណត់២ឆ្នាំ តែទោសត្រូវព្យួរនិងបង្គាប់ឱ្យសងជំងឺចិត្តដល់ដើមបណ្ដឹងរដ្ឋប្បវេណីចំនួន៤លានរៀល ក្រោមការចោទប្រកាន់ពីបទ”ផ្ដល់សក្ខីកម្មក្លែង” ៕
ដោយ ៖ រ៉ារ៉ា