ភ្នំពេញ ៖ សូមកុំលេងរត់ចោលស្រុកអញ្ចឹង ! លោកឧកញ៉ា ខ្លាចអីបើខ្លួនត្រឹមត្រូវ ការវិនិយោគរកស៊ី ប្រណាំងប្រជែងពាណិជ្ជកម្មដ៏ភាពស្មោះត្រង់ ជាមួយប្រជាពលរដ្ឋ ។ ប៉ុន្តែបើរត់ចោលស្រុក ក៏គេចមិនរួចដែរ ខណៈកម្ពុជាជាប្រទេសគ្រប់គ្រងដោយច្បាប់ អ្វីដែលសំខាន់នោះ លោកឧកញ៉ាបានគិតហើយឬនៅ ? តើប្រជាពលរដ្ឋប៉ុន្មានរយនាក់ ដែលចាញ់បោកលោកឧកញ៉ា ដល់អស់ផ្ទះសំបែង ជំពាក់ធនាគារ បែកបាក់ក្រុមគ្រួសារ ឈឺចុកចាប់ យំមិនចេញទឹកភ្នែក ដោយពួកគាត់ ចាត់ទុកថាលោកឧកញ៉ា ជំនាញកំពូលបោក ហើយពួកគាត់ ការចេះដឹងមានកម្រិត ទើបលង់ខ្លួនដល់ថ្ងៃនេះ។
កន្លងទៅលោកឧកញ៉ា ថៅកែក្រុមហ៊ុនពិភពដីមាស ខ្លាំងមែន ថាខ្លួនវិនិយោគស្របច្បាប់ មិនបោកប្រាស់ប្រជាពលរដ្ឋ ព្រមទាំងអោយមេធាវី ចេញលិខិត ការពារខ្លួនទាំងគ្មានចំណុចគតិយុត្ត ហ្នឹងហ៊ានប្រឆាំងមន្ត្រីនគរបាលយុត្តិធម៌ គឺលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពត ។ ទីបំផុត ! មិនចូលខ្លួនតាមការកោះហៅរបស់មន្ត្រីនគរបាលយុត្តិធម៌ តាមពាក្យបណ្ដឹងប្រជាពលរដ្ឋរងគ្រោះ ! លោកឧកញ៉ាជំនាញបោកមែន សូម្បីតែជនពិការងងឹតភ្នែកទាំងសងខាង ចាស់ជរា ក៏បោកមិនលើកលែង។ ដូច្នេះច្បាប់ក៏មិនលើកលែងអ្នកដែរ។
ចុងក្រោយ ! នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ប្រភពច្បាស់ការបង្ហេីបប្រាប់ថា សមត្ថកិច្ចព្រំដែនបានទទួលបទបញ្ជាមិនអនុញ្ញាតអោយ ឧកញ៉ាថៅកែក្រុមហ៊ុនពិភពដីមាស ចាកចេញពីប្រទេសកម្ពុជានោះទេ ។ ការបិទច្រកព្រំដែនមិនអោយឧកញ៉ារូបនេះចាកចេញពីប្រទេសកម្ពុជា ព្រោះតែបុគ្គលនេះមានការពាក់ព័ន្ធនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋរាប់រយនាក់មានទឹកប្រាក់ជាង ១០ លានដុល្លារ ឯណោះ នៅខេត្តកំពត។ នេះមិនគិតពីខេត្តផ្សេងទៀត ក៏ដូចជានៅរាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋ និយាយថា : កុំរត់អី រត់ទៅណាក៏មិនរួចដែរ នៅឈរដោះស្រាយបញ្ហាជាមួយ ពួកគាត់ជា ប្រជាពលរដ្ឋតាមច្បាប់ទៅ រត់គេចខ្លួនមិនមែនជាដំណោះស្រាយល្អទេ ដោះស្រាយសិន ។
ពួកគាត់បន្តថា : លក់ទ្រព្យសងប្រជាពលរដ្ឋវិញទេីបល្អ ។ យកលុយប្រជាពលរដ្ឋសរុបរាប់សិបលានដុល្លារ តេីយកទៅណា ? ម្ដេចមិនយកមកសងប្រជាពលរដ្ឋវិញ ?
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបង្ហោះសារយ៉ាងខ្លីថា ( អាណិតណាស់ពិការភ្នែកទាំងសងខាងសង្ឃឹមថាមានជីវភាពប្រសើរក្រោយពេលវិនិយោគជាមួយក្រុមហ៊ុន) ។ លោកបង្ហោះបែបនេះ បន្ទាប់ពីឧកញ៉ាថៅកែរូបនេះ មិនចូលខ្លួនតាមការកោះហៅរបស់មន្ត្រីនគរបាលយុត្តិធម៌ ខណៈមានតែជនរងគ្រោះ ដើមបណ្ដឹង ចូលខ្លួនប៉ុណ្ណោះ មានរហូតដល់រាប់រយនាក់នៅស្នងការដ្ឋាននគរបាលខេត្តកំពត។
កន្លងទៅលោកស្នងការបានបង្ហោះថា : លិខិតផ្លូវការនិងទៅដល់លោកអគ្គនាយកនិងអគ្គនាយករងក្រុមហ៊ុនពិភពដីមាសឆាប់ៗខាងមុខនេះ ដើម្បីមកពិភាក្សារលើបណ្តឹងរបស់ប្រជាពលរដ្ឋនៅខេត្តកំពតចំនួន 259 បណ្តឹង នៅថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2023 វេលាម៉ោង 9 ព្រឹកនៅស្នងការដ្ឋាននគរបាលខេត្តកំពត ។ ប៉ុន្តែបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋប្រមាណជាង 400 នាក់ទៅហើយ បានដាក់ពាក្យបណ្ដឹងទៅស្នងការដ្ឋាននគរបាលខេត្តកំពត ។ ទោះលោកឧកញ៉ាមិនចូលខ្លួន តាមនីតិវិធី ដំណើរការរបស់មន្ត្រីនគរបាលយុត្តិធម៌ មានសិទ្ធិស្នើសុំការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ បញ្ជាឲ្យចូលខ្លួន ៕
ដោយ ៖ សិលា