ភ្នំពេញ៖ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងថា នាដើមសប្តាហ៍ទី៣ នៃខែកក្កដានេះ ពោលគឺថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ សាខា ក.ប.ប. ខេត្តកណ្តាល ខេត្តតាកែវ ខេត្តប៉ៃលិន បានដឹកនំាកម្លាំងមន្ត្រីជំនាញរបស់ខ្លួន ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ក្រោមច្បាប់ បានបន្តចុះត្រួតពិនិត្យទំនិញចម្រុះគ្រប់ប្រភេទ ដើម្បីទប់ស្កាត់នូវការចរាចរទំនិញពុំមានអនុលោមភាពនៅលើទីផ្សារ។
ក្នុងបេសកកម្មនេះ មន្ត្រីជំនាញបានត្រួតពិនិត្យតាមផ្សារ ផ្ទះលក់ទំនិញ ម៉ាតនានា ដោយបានរកឃើញផលិតផលឡេលាបស្បែក មិនអនុលោមតាមបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់ និងទំនិញចម្រុះ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៦៩.៥គ.ក។
ជាមួយគ្នានេះដែរ មន្ត្រីជំនាញ ក.ប.ប. ក៏នៅតែអនុវត្តយន្តការអប់រំណែនាំដល់អាជីវករទាំងឡាយ ឱ្យបានយល់ដឹង និងព្យាយាមស្វែងយល់អំពីច្បាប់ដែលមានជាធរមាន ជាពិសេសច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងប្រព្រឹត្តល្មើសដែលនឹងត្រូវប្រឈមចំពោះមុខច្បាប់។
សូមជម្រាបថា កម្លាំងមន្ត្រីជំនាញរបស់ក.ប.ប តែងតែចុះអប់រំផ្សព្វផ្សាយអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ នៅវិទ្យាល័យនានាតាមទីរួមខេត្ត។
កម្មវិធីនេះបានដើរតួនាទីយ៉ាងសំខាន់ និងជាវេទិកាមួយដែលអនុញ្ញាតឱ្យសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី និងជាជនងាយរងគ្រោះ (Vulnerable person) ដោយសារការទិញនូវទំនិញពុំមានសុវត្ថិភាពឬអនុលោមភាព ឱ្យបានយល់ដឹងច្បាស់អំពីការជ្រើសរើសនូវទំនិញណាដែលមានសុវត្ថិភាពមុននឹងទិញយកទៅបរិភោគនិងប្រើប្រាស់។ ជាមួយគ្នានេះដែរ តាមរយៈកម្មវិធីនេះក៏នឹងបញ្ជ្រាបការយល់ដឹងដល់សិស្សានុសិស្សទាំងអស់អំពីច្បាប់ និងបទប្បញ្ញត្តិនានា ដែលបាននិងកំពុងដើរតួនាទីក្នុងការពារសុខុមាលភាព និងផលប្រយោជន៍របស់ពួកគេផងដែរ៕
ដោយ៖ សហការី