ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រាយការណ៍ជូនសមត្ថកិច្ចនៅក្រុងបាត់ដំបងនិងស្រុកគាស់ក្រឡ

ចែករំលែក៖

ខេត្តបាត់ដំបង៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ នៅថ្ងៃទី១៨​ ខែកក្កដា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋប្រទះឃេីញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រាយការណ៍ជូនសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង​ និងស្រុកគាស់ក្រឡ​ ចំនួន​ ០២លេីក។ 

ករណីទី១​ នៅចំណុចក្រុមទី៣ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានប្រជាពលរដ្ឋឈ្មោះ តាំង ប៊ុនធឹង ភេទប្រុស អាយុ ៦៥ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ខណៈពេលក្រុមជាងជីកដីធ្វើរបងប្រទះឃើញនៅក្នុងដី ហើយបានមករាយការណ៍ជូនសមត្ថកិច្ចផ្នែកជំនាញសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង។ ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃេីញប្រភេទគ្រាប់កាំភ្លើងផ្លោងទំហំ ១៣០mm ចំនួន ០១គ្រាប់ សមត្ថកិច្ចបានចងខ្សែហ៊ុំព័ន្ធនិងដាក់ស្លាកសញ្ញា​ រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល។​ 

ករណីទី២​ នៅចំណុចទឹកធ្នឹម ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានប្រជាពលរដ្ឋឈ្មោះ ពិស ថា ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពេលកំពុងភ្ជួររាស់ដីចំការ ហើយបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដូនបា នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ។ 

ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃេីញប្រភេទមីន៦៩ ចំនួន ០២គ្រាប់ និងបានចងខ្សែហ៊ុំព័ទ្ធនិងដាក់ស្លាកសញ្ញា​ រួចរាយការណ៍បន្តជូនអង្គភាពកំចាត់មីន Halo Trust ដេីម្បីយកទៅកំទេចចោល៕

ដោយ៖ អរុណរះ


ចែករំលែក៖