ខេត្តព្រៃវែង ៖ មន្រ្តីជំនាញចរាចរណ៍ខេត្តព្រៃវែង នៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា រថយន្តសាំយ៉ុងមួយគ្រឿងបើកវ៉ាជែងខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលជិះបញ្ច្រាសទិសគ្នាបណ្ដាលឱ្យបុរសអ្នកជិះម៉ូតូរងរបួសធ្ងន់ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែង ចុះធ្វើអន្តរាគមន៍ និងបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។
មន្រ្តីនគរបាលខេត្តព្រៃវែងបានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ ២AO.៧៧៥៣ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) បើកបរក្នុងល្បឿនលឿននិងបានឡើងវ៉ាជែងមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងដែលបើកបរបញ្ច្រាសទិសគ្នា ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១G.៤៨៣៨ បើកបរដោយឈ្មោះ សែម គាន ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង របួសបាក់ជើងឆ្វេង រួចម្ចាស់រថយន្តមិនព្រមឈប់ឡើយបានបើករត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ៕
ដោយ៖ សហការី