ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ គ.ជ.ប ៖ ការអំពាវនាវរបស់មនុស្សមួយចំនួន​តូចនៅក្រៅប្រទេសមិន​មានឥទ្ធិពលអ្វីទាល់តែសោះដល់ការបោះឆ្នោតនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យ គ.ជ.ប បានអះអាងថា ការអំពាវនាវរបស់​មនុស្ស​មួយចំនួនតូចនៅក្រៅប្រទេសប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា គឺគ្រាន់​តែជាការសម្តែងមួយ​ដែលមិន​មានឥទ្ធិពលអ្វីទាល់តែសោះ​ដល់ការ​បោះ​ឆ្នោតនៅក្នុងប្រទេសកម្ពុជា។ ហើយក៏មិនធ្វើឲ្យប៉ះពាល់ដល់គុណភាព នៃការបោះឆ្នោតនោះទេ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប   បានបញ្ជាក់ថា ការបោះឆ្នោត​នៅកម្ពុជា​ប្រព្រឹត្តទៅតាមច្បាប់ និងតាមដែលអ្វីព្រះមហាក្សត្រទទួលស្គាល់ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតដើម្បីជ្រើសរើសតំណាងដែលខ្លួនស្រឡាញ់ពេញចិត្ត។ ហើយការប្រកាសបែបណាក៏ដោយនៅក្រៅប្រទេសគ្រាន់តែជាការសម្តែងមួយដែលមិនមានឥទ្ធិពលអ្វីទាល់តែសោះដល់ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា “ការសម្តែងមតិនៅខាងក្រៅនេះ មិនធ្វើឲ្យប៉ះពាល់ដល់គុណភាព នៃការបោះឆ្នោតនោះទេ ហើយនេះក៏មិនមែនជាលើកទី១ដែរ ដែលមានអ្នកខ្លះសម្តែងការមិនទទួលយក ប៉ុន្តែការបោះឆ្នោត និងការអភិវឌ្ឍន៍ជាតិ នៅតែមានជាបន្តបន្ទាប់ ហើយកាន់តែមានភាពរុងរឿងជាងដើមទៅទៀត” ។

សូមបញ្ជាក់ថា : ប្រធាន គ.ជ.ប  បាន ត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ 

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា មកទល់ពេលនេះ គ.ជ.ប បាន ត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទាំងសម្ភារ ទាំងកម្លាំងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យការបោះឆ្នោតសម្រេចបានជោគជ័យ។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ដេស៊ីរ៉េ នីយ៉ារូហ៊ីរីរ៉ា ទីប្រឹក្សាពិសេសទទួលបន្ទុកផ្នែកកិច្ចការនយោបាយ និងការទូតរបស់អគ្គលេខាធិការអង្គការអន្តរជាតិនិយាយភាសាបារាំង (នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដែលដឹកនាំគណៈប្រតិភូមកសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារបោះឆ្នោត ៕

ដោយ ៖ សហការី


ចែករំលែក៖