ខេត្តបាត់ដំបង៖ បុរស០២នាក់បានរងរបួសធ្ងន់និងស្រាលដោយសារជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តTACOMAជ្រុលទៅបុករ៉ឺម៉កម៉ូតូដឹកដែកពីក្រោយនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខសាលាបឋមសិក្សាអណ្តូងចេញ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូសណ្តោងរ៉ឺម៉កដឹកដែកមួយគ្រឿង ម៉ាកសាន់យ៉ាន់ពាក់ផ្លាកលេខបាត់ដំបង 1Y-7136 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តម៉ាក TACOMA ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 2C-8613 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនគួរសមដោយខ្វះការប្រុងប្រយ័ត្នក៏បានជ្រុលទៅបុករ៉ឺម៉កដឹកដែកពីក្រោយពេញទំហឹងបណ្តាលអោយអ្នករួមដំណើរខាងក្រោយប៉ើងធ្លាក់ចុះក្រោមរងរបួសធ្ងន់ និងអ្នកបើកបររងរបួសស្រាល ចំណែករថយន្តខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចនគរបាលជំនាញចុះទៅវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា