សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣បានផ្សាយថា ក្រុមមន្រ្តីឥណ្ឌាបានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ បុគ្គលិកជួយសង្គ្រោះកំពុងទប់ទល់នឹងស្ថានភាពដ៏លំបាកនិងលក្ខខណ្ឌអាកាសធាតុអាក្រក់ ខណៈដែលពួកគេត្រូវស្វែងរកមនុស្សជាង ១០០នាក់ដែលស្ថិតក្រោមការភ័យខ្លាចថាជាប់នៅក្នុងបំណាក់ដីដែលបានសម្លាប់អ្នកភូមិចំនួន ១០នាក់បន្ទាប់ពីភ្លៀងធ្លាក់មិនឈប់ឈរនៅលើជម្រាលភ្នំ។
ក្រុមមន្រ្តីនិយាយថា បំណាក់ដីបានកើតឡើងលើភូមិដាច់ស្រយាលមួយនៃភ្នំ Irshalwadiរបស់រដ្ឋ Maharashtra ភាគខាងលិចចម្ងាយប្រហែល៦០គីឡូម៉ែត្រពីទីក្រុង Mumbai។ សាកសពមនុស្សចំនួន១០នាក់ត្រូវបានរកឃើញ ខណៈដែល៨០នាក់ផ្សេងទៀតត្រូវបានជួយសង្រ្គោះ។
អនុប្រមុខរដ្ឋាភិបាលនៃរដ្ឋ Maharashtra លោក Devendra Fadnavisបានប្រាប់ថា មានមនុស្សចំនួន២២៥នាក់រស់នៅក្នុងភូមិនេះ។ ក្នុងចំណោមពួកគេគឺមានជាង ១០០នាក់ស្ថិតក្រោមការបារម្ភថាជាប់ក្រោមបំណាក់ដី។ ក្រុមអ្នកជួយសង្គ្រោះត្រូវដើរថ្មើរជើងជាមួយឧបករណ៍របស់ពួកគេ រយៈពេលជិតពីរម៉ោងដើម្បីទៅដល់ទីតាំងរងគ្រោះ។
បើតាមនាយកដ្ឋានឧតុនិយមឥណ្ឌា ទឹកជំនន់ភ្លាមៗ ការរអិលបាក់ដី និងគ្រោះថ្នាក់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្សជាង១០០នាក់ តាំងពីការចាប់ផ្តើមរដូវខ្យល់មូសុងកាលពីថ្ងៃទី១ ខែមិថុនាមក ដែលភាគច្រើននៅឯភាគខាងជើង។ សម្រាប់ថ្ងៃព្រហស្បតិ៍នេះ អាចមានភ្លៀងធ្លាក់បន្ថែមទៀតប៉ុន្តែមិនធ្ងន់ធ្ងរទេ ហើយការប្រកាសអាសន្នពណ៌ក្រហមត្រូវបានដកចេញសម្រាប់តំបន់ឆ្នេរសមុទ្រនៃរដ្ឋ Maharashtra និងនៅភាគខាងជើងរដ្ឋហ្គូចារ៉ាត់ (Gujarat) ដែលរងការវាយលុកដោយភ្លៀងក្នុងសប្តាហ៍នេះផងដែរ៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN-VNA