ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបាញ់មីស៉ីលជាច្រើនគ្រាប់ទៅកាន់ផ្ទៃសមុទ្រនៅភាគខាងលិចឧបទ្វីបកូរ៉េ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា យោធាកូរ៉េខាងត្បូងបានអះអាងនាថ្ងៃសៅរ៍នេះថា កូរ៉េខាងជើងបានបាញ់មីស៉ីលគ្រូសប៉ុន្មានគ្រាប់ឆ្ពោះទៅកាន់ផ្ទៃសមុទ្រនៅភាគខាងលិចនៃឧបទ្វីបកូរ៉េ។
វានឹងជាការបាញ់តេស្តមីស៉ីលថ្មីចុងក្រោយមួយទៀតរបស់កូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងទើបតែបាញ់មីស៉ីលបាលិស្ទីគ២គ្រាប់កាលពីថ្ងៃពុធ ស្របពេលដែលប្រទេសឯកោមួយនេះ និងទីក្រុងវ៉ាស៉ីនតោនបាននិងកំពុងបង្កើនការដំឡើងសាច់ដុំយោធាដាក់គ្នាទៅវិញទៅមក ដោយសារតែការអភិវឌ្ឍកម្មវិធីមីស៉ីលនិងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា ការបាញ់មីស៉ីលគ្រូសទាំងនោះរបស់កូរ៉េខាងជើងត្រូវបានប្រទះឃើញសញ្ញាកាលពីខ្ទង់ម៉ោង៤ទៀបភ្លឺថ្ងៃសៅរ៍នេះ។ រីឯកាលពីថ្ងៃពុធសប្តាហ៍នេះ ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តមីស៉ីលបាលិស្ទីគតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីនាវាមុជទឹកបំពាក់មីស៉ីលនុយក្លេអ៊ែរ (SSBN) ១គ្រឿងរបស់សហរដ្ឋអាមេរិក (SSBN) បានលេចវត្តមានដើម្បីបំពេញទស្សនកិច្ចដ៏កម្រមួយនៅកូរ៉េខាងត្បូង។
មិនតែប៉ុណ្ណោះ កាលពីថ្ងៃព្រហស្បតិ៍ កូរ៉េខាងជើងក៏បានព្រមានផងដែរថា ការចល័តអាវុធយុទ្ធសាស្រ្តរបស់អាមេរិក ដូចជាយន្តហោះទម្លាក់គ្រាប់បែក នាវាផ្ទុកយន្តហោះចម្បាំង ឬនាវាមុជទឹកបំពាក់មីស៉ីលជាដើម មកកាន់កូរ៉េខាងត្បូងអាចនឹងស្ថិតក្រោមលក្ខខណ្ឌសម្រាប់ឱ្យទីក្រុងព្យុងយ៉ាងអាចមានសិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីជាការឆ្លើយតប៕ ដោយ៖ ធីរីណា

រូប​ថត​៖ AFP


ចែករំលែក៖