ព័ត៌មានទាន់ហេតុការណ៍៖

នៅព្រឹកនេះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋច្រើនបានទៅបោះឆ្នោត !

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃអាទិត្យ ៦ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបិទបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនអញ្ជើញ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅសាលាអនុវត្ត ប៊ុន រ៉ានី ហ៊ុន សែន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ចំពោះតាមការិយាល័យបោះឆ្នោត រាជធានី-ខេត្ត មានប្រជាពលរដ្ឋ ដ៏ច្រើនបានទៅកាន់ការិយាល័យបោះឆ្នោត តាំងពីម៉ោង៦ព្រឹក សុខចិត្តរង់ចាំមុនម៉ោងកំណត់ ទោះជាកន្លែងខ្លះមាន ការធ្លាក់ភ្លៀងក្តី ។ 

ព្រះរាជសារព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈ របស់ ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយដោយសេរី ។ 

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ផ្ញើជូន ជនរួមជាតិ ជាទីគោរពស្នេហាដ៏ជ្រាលជ្រៅបំផុត

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិអ្នក មានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំ ប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ។

ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ គឺជាការបោះឆ្នោតជាទូទៅ ជា សកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិ ប្រជាធិបតេយ្យ សេរី ពហុបក្ស។ ដូចនេះ សូមកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាម កំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ។

ខ្ញុំ សូមជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈ របស់ ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយដោយសេរី ។ សូម ជនរួមជាតិទាំងអស់ ប្រកបតែនឹងព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ព្រមទាំងមេត្តាទទួលនូវសេចក្ដីគោរពស្នេហាដ៏ជ្រាលជ្រៅជាទីបំផុត អំពីខ្ញុំ។

សូមបញ្ជាក់ថា : ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨។ គណបក្សទាំង ១៨នោះរួមមាន៖

១៖ គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

២៖ គណបក្ស ខ្មែរតែមួយ

៣៖ គណបក្ស សញ្ជាតិកម្ពុជា

៤៖ គណបក្ស ខ្មែររួបរួមជាតិ

៥៖ គណបក្ស កម្លាំងប្រជាធិបតេយ្យ

៦៖ គណបក្ស កសិករ

៧៖ គណបក្ស ស្ត្រីដើម្បីស្ត្រី

៨៖ គណបក្ស ខ្មែរឈប់ក្រ

៩៖ គណបក្ស ហ៊្វុនស៉ិនប៉ិច

១០៖ គណបក្ស ធម្មាធិបតេយ្យ

១១៖ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន

១២៖ គណបក្ស បំណងពលរដ្ឋ

១៣៖ គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច

១៤៖ គណបក្ស ឯកភាពជាតិខ្មែរ

១៥៖ គណបក្ស ខ្មែរអភិរក្ស

១៦៖ គណបក្ស យុវជនកម្ពុជា

១៧៖ គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា

១៨៖ គណបក្ស ប្រជាជនកម្ពុជា។

ចំនួនអាសនៈសភាសម្រាប់ការបោះឆ្នោតអាណត្តិទី៧ មានចំនួន១២៥អាសនៈ៕

ដោយ ៖ សហការី


ចែករំលែក៖