ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ដែលត្រូវនឹងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ស.អ បានអញ្ជើញដឹកនាំវេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃ គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ វេនប្រចាំបញ្ជានេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
នៅក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានថ្លែងអំណរគុណដល់កម្លាំងពាក់ព័ន្ធ ដែលបានចូលរួមប្រចាំបញ្ជា និងស្នើឲ្យកម្លាំងនៅតាមរាជធានី-ខេត្ត យកចិត្តទុកដាក់ខ្ពស់ជួយពង្រឹងសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពតាមបណ្តារាជធានី-ខេត្តឲ្យបានល្អ។
ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានកោតសសើរដល់កងកម្លាំងគ្រប់កងឯកភាពទាំងអស់ ដែលប្រចាំការទ្រោលសភាពការណ៍ និងសហការគ្នាបានយ៉ាងល្អ ហើយសូមបន្តខិតខំប្រឹងប្រែងការងារនេះកាន់តែខ្លាំងឡើងថែមទៀត ដើម្បីឲ្យដំណើរការសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅថ្ងៃបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យតបតាមការចង់បានរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនទាំងមូល។
យោងតាមសេចក្តីសម្រេច ស្តីពីការចាត់តាំងក្រុមប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃ គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានភារកិច្ចដូចខាងក្រោម ៖
* ជួយដល់លេខាធិការដ្ឋាន នៃ គ.ស.អ ក្នុងការតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធដល់ការបោះឆ្នោត ការអនុវត្តបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ទាំងមុន ក្នុង និងក្រោយការបោះឆ្នោត។
* ប្រមូលព័ត៌មាន និងរបាយការណ៍ពីបណ្តាក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងពីយន្តការរចនាសម្ព័ន្ធ សន្តិសុខបោះឆ្នោតគ្រប់ថ្នាក់ ជុំវិញស្ថានការណ៍សន្តិសុខបោះឆ្នោត និងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពទូទៅ ដើម្បីរាយការណ៍ជូនប្រធានលេខាធិការដ្ឋាននៃ គ.ស.អ សុំការចង្អុលដឹកនាំបន្ត។
* តាមដាន ក្តាប់ព័ត៌មាន និងសភាពការណ៍នានា ដែលបានកើតឡើងនៅតាមបណ្តារាជធានី ខេត្តទាំងមុន ក្នុង និងក្រោយការបោះឆ្នោត ធ្វើការវិភាគ វាយតម្លៃ រាយការណ៍ដោះស្រាយបានទាន់ពេលវេលា។
* ធ្វើរបាយការណ៍រៀងរាល់ថ្ងៃ អំពីស្ថានការណ៍សន្តិសុខបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ជូនប្រធានលេខាធិការដ្ឋាន នៃ គ.ស.អ ដើម្បីរាយការណ៍ជូនប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត។
* ក្រុមប្រចាំបញ្ជានេះ ត្រូវបំពេញភារកិច្ចប្រចាំការប្តូរវេនវិលជុំ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ចប់បេសកកម្ម និងត្រូវបំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់ប្រធានលេខាធិការដ្ឋាន នៃ គ.ស.អ ៕
ដោយ៖ សហការី