ខេត្តកំពង់ឆ្នាំង៖ រហូតដល់ព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ ប្តីប្រពន្ធ២នាក់ ដែលបានបាត់ខ្លួនដោយសារក្រឡាប់កាណូតបាឡាស្មាច់ នៅពុំទាន់ឃើញនៅឡើយនោះទេ។
យោងតាមសេចក្តីរាយការណ៍អធិការនគរបាល ស្រុកកំពង់លែងបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ោងប្រមាណ៤រសៀល ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋមួយគ្រួសារដែលរួមមាន៖ ឪពុក ម្ដាយ និងកូនប្រុស ក៏នាំគ្នាវិលត្រឡប់ពីចាប់គីង្គក់នៅចំណុចកោះកណ្ដាល ក្នុងភូមិសាស្ត្រ ភូមិអន្លង់កញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែងវិញ។ លុះដល់ចំណុចកោះចាប ក្នុងភូមិសាស្ត្រ ឃុំពោធិ៍ ក៏បានមានភ្លៀងខ្យល់បោកបក់ជាខ្លាំង បណ្តាលឱ្យកាណូតបាឡាស្មាច់ជនរងគ្រោះក្រឡាប់ ។
នៅក្នុងហេតុការណ៍នោះបុរសជាប្ដី ចេះហែលទឹកបានព្យាយាមជួយ សង្គ្រោះប្រពន្ធ ដែលមិនចេះហែល រហូតដល់អស់ដៃ អស់ជើង ក៏បានលិចទៅក្នុងទន្លេបាត់ទៅ។ ចំណែកឯកូនប្រុសអាយុ ១២ឆ្នាំចេះហែលទឹកគឺបានហែលឆ្លងមកដល់ច្រាំងរួចខ្លួន។
ប្រភពដដែលបានបន្តថា ជនរងគ្រោះជាប្តីឈ្មោះ រ៉េន រិទ្ធ អាយុ៣៩ឆ្នាំ,ប្រពន្ធឈ្មោះ អេង យីម អាយុ៤២ឆ្នាំ (ទាំង២នាក់កំពុងបាត់ខ្លួន) ចំណែកកូនប្រុសអាយុ ១២ឆ្នាំ បានរួចផុតជីវិតមានឈ្មោះ ប៉ុន បញ្ញាស័ក ។ គ្រួសារជនរងគ្រោះមានទីលំនៅភូមិ ដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង។
គួរបញ្ជាក់ថា ចាប់តាំងពីពេលកើតហេតុដ៏សោកសង្រេងនេះលោកស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ចុះស្រាវជ្រាវនិងរុករកទាំង យប់រហូតដល់ព្រឹកថ្ងៃទី២៦ ខែកក្កដានេះ នៅមិនទាន់ឃើញ ជនរងគ្រោះនៅឡើយនោះទេ។
ព័ត៌មាននេះជាបញ្ហាមួយឱ្យបងប្អូនប្រជាពលរដ្ឋរស់តាមដងទន្លេមានការប្រុងប្រយ័ត្ននារដូវខែវស្សាដែលតែងតែ មានខ្យល់ព្យុះបោកបក់ជាខ្លាំងបែបនេះ បើឃើញមេឃមិនអំណោយផល សូមកុំចេញទូកកាណូត៕
ដោយ៖ សូរិយា