ខេត្តព្រះសីហនុ ៖ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ បានថ្លែងឱ្យដឹងថា៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបានធ្វេីពិធីកម្ទេចចោលម៉ាស៊ីនល្បែងអេឡិចត្រូនិកតូចធំចំនួន ៤៦គ្រឿងបន្ថែមទៀត ក្រោយចុះបង្រ្កាបនិងរឹបអូសបានជាបន្តបន្ទាប់ ពីតាមទីតាំងធ្វើអាជីវកម្មខុសច្បាប់ចំនួន ១៥កន្លែង នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ យោងតាមបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល។
លោកអភិបាលក្រុងរូបនេះ បានថ្លែងបន្តថា រហូតមកដល់ពេលនេះ មានម៉ាស៊ីនល្បែងអេឡិចត្រូនិកតូចធំ មាមចំនួនរហូតដល់ ១៥៩ គ្រឿងហើយ ដែលត្រូវអាជ្ញាធរបង្រ្កាបនិងរឹបអូសបានយកមកកម្ទេចចោល។
លោក បន្តថា កាលពី៤ខែមុននេះម៉ាស៊ីនល្បែងអេឡិចត្រូនិកតូចធំចំនួន ១១៣គ្រឿង ក៏ត្រូវបានរដ្ឋបាលក្រុងព្រះសីហនុ យកមកកម្ទេចចោលជាលើកទី១ និងនៅលើកទី២ មានចំនួន ៤៦ គ្រឿងថែមទៀតនៅថ្ងៃនេះ។
បន្ថែមពីនេះ លោក សរ កក្កដា បានថ្លែងឱ្យដឹងទៀតថា ចាប់តាំងពីមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល ដាក់បញ្ជាឱ្យចាត់វិធានការទប់ស្កាត់ និងបង្ក្រាបទីតាំង ធ្វើអាជីវកម្មខុសច្បាប់មក គណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ បានចាត់វិធានការទប់ស្កាត់ និងធ្វើការបង្ក្រាបជាបន្តបន្ទាប់ ប្រសិនបើមានជនខិលខូចបេីកអាជីវកម្មលួចលាក់ក៏ដោយ៕
ដោយ៖ អរុណរះ