ខេត្តកំពង់ឆ្នាំង៖ សពស្រ្តីម្នាក់ ក្នុងចំណោមពីរនាក់ដែលបាត់ខ្លួនក្នុងករណីក្រឡាប់បាឡាស្មាច់ត្រូវបានកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរបានរកឃើញម្នាក់ហើយកាលពីវេលាម៉ោង១២និង១០ នាទីថ្ងៃត្រង់ថ្ងៃទី២៦ ខែកក្កដាក្រោយពីកងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានសហការគ្នារកពេញមួយព្រឹកនៅចំណុចឃុំប្រឡាយយមាស ស្រុកកំពង់លែង ។ ចំណែកឯសាកសពប្ដីនៅពុំទាន់រកឃើញនៅឡើយទេ ហើយនាពេលនេះកងកម្លាំងសមត្ថកិច្ចកំពុងតែស្វែងរកបុរសម្នាក់ទៀតដែលបានបាត់ខ្លួន។
បើតាមប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុអ្នកទាំងបីនាក់ដែលជាម្តាយ ឪពុក និងកូនខាងលើបានធ្វើដំណើរតាមកាណូតបាឡាស្មាច់ដើម្បីទៅរកឆ្លុះចាប់សត្វគីង្គក់នៅពេលយប់យកមកលក់។ ពេលមកដល់ចំណុចខាងលើ អាកាសធាតុមានខ្យល់បោកបក់ខ្លាំងនិងរកកលភ្លៀង ហើយក៏បានបត់បាឡាស្មាច់ជ្រុលទើបធ្វើឱ្យក្រឡាប់លិចតែម្ដង ប្ដីនិងប្រពន្ធក៏បានលិចបាត់ ចំណែកឯកូនប្រុសបានហក់ចេញពីបាឡាស្មាច់ រួចហែលទៅរកច្រាំងបណ្ដាលឱ្យរួចខ្លួន នៅសល់តែម្ដាយនិងឪពុកបានលិចចូលទៅក្នុងទឹកបាត់។ នៅពេលនេះសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានកំពុងធ្វើការរកបុរសម្នាក់ទៀតដែលបានបាត់ខ្លួនក្នុងករណីលិចទូកនេះ៕
ដោយ ៖ ចន្ថា