ព័ត៌មានទាន់ហេតុការណ៍៖

លោក ពូទីន មានបំណងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន នៅខែតុលាខាងមុខ

ចែករំលែក៖

សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា ទីប្រឹក្សាគោលនយោបាយការបរទេសនៃវិមានក្រឹមឡាំង លោក Yury Ushakov បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន មានបំណងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិននៅក្នុងខែតុលា ដើម្បីឱ្យគាប់ជួនពេលគ្នាជាមួយវេទិកាខ្សែក្រវាត់និងផ្លូវ។
ចិនបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់រុស្ស៉ី ចាប់តាំងតែពីដើមឆ្នាំ២០២២មក នៅពេលទំនាក់ទំនងដែលមានភាពរកាំរកូសរួចស្រាប់ទៅហើយជាមួយទីក្រុងមូស្គូ បានធ្លាក់ចុះដល់កម្រិតកាន់តែដុនដាបខ្លាំងថែមទៀត ដោយសារពេលនោះលោក ពូទីន ត្រៀមលក្ខណៈដើម្បីបញ្ជូនកងទ័ពរបស់លោកឱ្យវាយប្រហារលើអ៊ុយក្រែន។
លើកចុងក្រោយដែលលោកប្រធានាធិបតីរុស្ស៉ីបានបំពេញទស្សនកិច្ចទៅចិន គឺកាលពីដើមខែកុម្ភៈឆ្នាំមុន ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង ហើយមេដឹកនាំទាំងពីរបានប្រកាសពីភាពជាដៃគូ «គ្មានដែនកំណត់» ដែលបានពង្រីកបន្ថែមនូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងយោធា រវាងចិននឹងរុស្ស៉ី។
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៉ីក៏បានចាប់ផ្តើមការឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែន។ ទីក្រុងប៉េកាំងបានបដិសេធចូលរួមថ្កោលទោសនិងដាក់ទណ្ឌកម្មលើទីក្រុងមូស្គសម្រាប់ការបង្កសង្រ្គាមនោះ។ ចំណែកឯកាលពីខែមីនា ឆ្នាំ២០២៣នេះ លោកប្រធានាធិបតីចិន បានធ្វើដំណើរមកដល់ទីក្រុងមូស្គូ ហើយបានលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងផ្សេងៗទៀត ជាមួយលោក ពូទីន ដែលលោក ស៉ី ជិនពីង ហៅថាជា «មិត្តសម្លាញ់»៕ ដោយ៖ ធីរីណា

រូប​ថត​៖ RT


ចែករំលែក៖