ភ្នំពេញ ៖ ភ្ញាក់ផ្អើលខ្លាំងក្រោយពីនៅលើបណ្តាញសង្គម facebook និង Tik Tok មានការចែករំលែកអំពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តកាលពីរាត្រីថ្ងៃទី២៦ ខែកក្កដាឆ្នាំ ២០២៣នៅបណ្តោយផ្លូវលេខ២៧១។ អ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍នោះគឺក្រោយពីរថយន្តទំនើបមួយគ្រឿងម៉ាកFord Everest មានស្លាកលេខកម្ពុជា BOK KALO ដែលគេសង្ស័យថាជារថយន្តរបស់តារាចម្រៀងរ៉េបល្បីឈ្មោះនៅកម្ពុជា គឺលោកវណ្ណដានោះ ។ នេះបើយោងតាមការបញ្ចេញយោបល់របស់អ្នកលេងបណ្តាញសង្គមមួយចំនួន។
ក្នុងវីដេអូដែលត្រូវបានបញ្ចេញនៅលើបណ្តាញសង្គមTik Tok មួយឈ្មោះថា Van Molika បានលើកឡើងពីករណីគ្រោះថ្នាក់ចរាចរណ៍នេះដោយបានលើកឡើងថា”ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើបFord Everest ស្លាកលេខស្លាកលេខកម្ពុជា Bok Kalo ជាមួយរយន្តHighlander ស្លាកលេខភ្នំពេញ2AJ-4681នៅលើកំណាត់ផ្លូវលេខ២៧១ ស្ថិតនៅសង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញ កាលពីវេលាម៉ោង១០និង២០នាទីនាយប់ថ្ងៃទី២៦ខែកក្កដាឆ្នាំ ២០២៣។ វីដេអូដែលបានបង្ហាញពីស្លាកលេខកម្ពុជា Bok Kalo ត្រូវបានថតចេញពីក្រដាសពន្ធដែលបិទជាប់នៅលើរថយន្តខណៈដែលស្លាកលេខនៅនឹងរថយន្តត្រូវបានដោះចេញ។ មានអ្នកបញ្ចេញយោបល់ជាច្រើនជុំវិញករណីនេះដែលមានអ្នកលេងបណ្តាញសង្គមមួយនេះបានលើកឡើងថា សំណាងហើយវណ្ណដា នៅជប៉ុនបើមិនចឹងអ្នកស្អប់តាមជាន់ងាប់។ ក៏មានអ្នកលេងបណ្តាញសង្គមផ្សេងទៀតលើកឡើងថាមិនមានអ្នកណាម្នាក់គ្រោះថ្នាក់ដែរ ហើយគេក៏បានដោះស្រាយរួចរាល់ហើយដែរ។ ក្នុងនោះក៏មានអ្នកលេងបណ្តាញសង្គមម្នាក់បានបញ្ចេញរូបភាពវីដេអូនៅលើបណ្តាញសង្គមTik Tok មុននេះដែរថា មានតារាចម្រៀងរ៉េប គ្រោះថ្នាក់ចរាចរណ៍បុកគ្នា ហ្វេនៗឃើញចឹងបានលួចកាច់ស្លាកលេខទុកបាត់ហើយ តើទង្វើកាច់ស្លាកលេខចោលយករួចខ្លួនតើល្អទេ? សារភ្ជាប់នៅលើវីដេអូនេះត្រូវបានរងការរិះគន់តបត្រឡប់ទៅវិញថា មិនបញ្ចេញអត្តសញ្ញាណអ្នកបង្ក ខណៈដែលករណីនេះក៏បានដោះស្រាយរួចហើយដែរ ។
ទោះជាយ៉ាងណាគេនៅមិនទាន់ឃើញមានការបញ្ជាក់បែបណាមួយពីភាគីតារាចម្រៀងរ៉េប លោកវណ្ណដានៅឡើយខណៈដែលគេដឹងដែរថាមុននេះលោកបានធ្វើដំណើរទៅដល់ប្រទេសជប៉ុន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីចូលរួមច្រៀងនៅ RAISE Club ក្នុងទីក្រុង Tokyo ។
គួរបញ្ជាក់ដែរថា ករណីគ្រោះថ្នាក់ចរណ៍រវាង រថយន្តស៊េរីទំនើបម៉ាកFord Everest ដែលបានបើកលឿនជ្រុលបុករថយន្តហាយឡែនឌ័រពីក្រោយបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងជើងតាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញAJ 4681 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាក Ford Everest ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា BOK.KALO ធ្វើដំណើរមកពីក្រោយក៏ជ្រុលបុកនិងគាបជាប់គ្នារងការខូចខាត។ ក្រោយកើតហេតុភាគីខាងរថយន្តបង្កបានចេញថ្លៃជួសជុលទៅលើរថយន្តហាយឡែនឌ័រដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។
សូមបញ្ជាក់ថា , បើយោងតាមឯកសារ ចេញដោយអង្គភាពចុះបញ្ជីយានយន្ត របស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា រថយន្តពាក់ផ្លាកលេខ កម្ពុជា -BOK.KALO ម៉ាក FORD EVEREST ប្រភេទគ្រួសារ ពណ៌ខ្មៅ ផលិតឆ្នាំ ២០២៣ ជាកម្មសិទ្ធិករ ឈ្មោះ ម៉ាន់ វណ្ណដា មានអាសយដ្ឋាន ភូមិ២ , សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ពាក់ព័ន្ធករណីខាងលើ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងទៅកាន់ កម្មសិទ្ធិករ ឈ្មោះ ម៉ាន់ វណ្ណដា បាននៅឡើយទេនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ដោយគ្មានលេខទូរស័ព្ទ។
ប៉ុន្តែបើយោងទៅតាមការបង្ហោះលើប្រព័ន្ធសង្គម TikTok ទោះជាម្ចាស់ឡាន ឬអ្នកបើកបរ ឬលោក ម៉ាន់ វណ្ណដា បើកបរដោយផ្ទាល់ ឬមិននៅកន្លែងកើតហេតុ ! សកម្មភាព នឹងទង្វើ ដែលមានមនុស្សទៅកាច់ផ្លាកលេខ ទោះជាសាច់ញាតិ ទោះជាហ្វែន ទោះជាបុគ្គលណាមួយក៏ដោយ ទង្វើទាំងនេះ បានបំពានច្បាប់ បំផ្លាញវត្ថុតាង ជាបទល្មើសព្រហ្មទណ្ឌ ។ បើក្នុងករណី ជាឡាន របស់ លោក ម៉ាន់ វណ្ណដា ជាតារាចម្រៀងរ៉េប លំដាប់ពិភពលោក ហើយបង្កើតឲ្យមានករណីបែបនេះ ស្មើរហ្នឹងពន្លិច កិត្តិយសរបស់គាត់តែប៉ុណ្ណោះ ពីព្រោះថា , ករណីគ្រោះថ្នាក់ចរាចរណ៍ បុគ្គលភាគីទាំងសងខាង ត្រូវតែមានឆន្ទៈក្នុងការដោះស្រាយដោយសន្តិវិធី។
យើងគួរពិចារណាបន្តិចថា , នៅក្នុងទិដ្ឋភាពច្បាប់ ទិដ្ឋភាពសង្គម និងជាសីលធម៌សង្គម ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ពិតជាគ្មានបុគ្គលណាម្នាក់ចង់ឲ្យកើតទេ។ ប៉ុន្តែបើករណីបែបនេះវាកើតហើយ ! ទោះជាអចេតនាក្តី ,ការបើកបរដោយធ្វេសប្រហែសណាមួយក្តី ត្រូវតែមានឆន្ទៈ ចុះមកពីឡានធ្វើការដោះស្រាយ ដោយភាពទទួលខុសត្រូវ ដោយមិនបាច់ប្រើប្រាស់មធ្យោបាយកាច់ផ្លាកលេខរថយន្ត គេចវេសពីសារព័ត៌មាន គេចវេសពីការទទួលខុសត្រូវទេ ! ។ ប្រសិនបើម្ចាស់រថយន្តនោះពិតជា លោក ម៉ាន់ វណ្ណដា តារាចម្រៀងរ៉េបលំដាប់ពិភពលោក កាន់តែធ្វើជាគំរូ ល្អដល់សង្គម បង្ហាញអំពីវប្បធម៌សិល្បៈ ដើម្បីឆ្លុះបញ្ចាំងអំពីការរស់នៅ ជាពលរដ្ឋល្អនៅក្នុងសង្គម គឺត្រូវបង្ហាញពីភាពទទួលខុសត្រូវមួយ ដោះស្រាយតាមផ្លូវច្បាប់នោះជាការប្រសើរ ហើយជាពលរដ្ឋគោរពច្បាប់។ ផ្ទុយទៅវិញបើប្រព្រឹត្តនូវអំពើ ផ្ទុយអំពីច្បាប់ ទៅកាច់ផ្លាកលេខ ហើយបិទបាំងជម្លៀសមនុស្សចេញ នេះជាអំពើខុសច្បាប់ធ្ងន់ធ្ងរ ផ្ទុយអ្វីដែលច្បាប់ត្រូវបានហាមឃាត់។ ទៅជារឿងព្រហ្មទណ្ឌ ទាំងការបំផ្លាញវត្ថុតាងនេះជាដើម ។ ក្លាយទៅជាគំរូដ៏អាក្រក់ ដល់សង្គម មិនស័ក្តិសម ជាតារា ដែលសង្គមកំពុងទទួលស្គាល់ គាំទ្រនិងឲ្យតម្លៃ ! អាចបន្សល់ទុកនូវភាពមិនល្អ ឱ្យយុវជនជំនាន់ក្រោយអាចធ្វើតាម , ដូច្នេះគប្បីមិនគួរប្រព្រឹត្តិបែបនេះឡើយ !
សូមបញ្ជាក់ថានៅក្នុងកម្មសិទ្ធិករ និងអត្តសញ្ញាណប័ណ្ណ គឺរូបលោក ម៉ាន់ វណ្ណដា ប៉ុន្តែគេពុំដឹងថាពេលកើតហេតុនោះ លោក វណ្ណដា នៅកន្លែងនោះឬមួយក៏យ៉ាងណា ៕
ដោយ ៖ វឌ្ឍនា