ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់​វាយបំបែកកញ្ចក់ទូ ATM​ធនាគារអេសុីលីដា​ត្រូវនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣​ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ កាលពីថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ​២០២៣ម្សិលមិញ​នេះ​បានឃាត់ខ្លួនជនសង្ស័យម្នាក់​បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើឱ្យខូចខាតដោយចេតនា(យកដៃវាយបណ្ដាលឱ្យបែកកញ្ចក់ទូATM)នៅចំណុចផ្លូវព្រះមុនីរ៉េត ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​    លោកវរសេនីយ៍ត្រី​ ឯម​ ភារី​ នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣​បានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះ ឃៀង ភារឹន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារ(អេសុីលីដា) ស្នាក់នៅផ្ទះលេខ ២១ ផ្លូវលំ ភូមិចោមចៅ១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។​ ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ ញ៉ុញ លាងសៀ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន)។

​    នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣​ បានឱ្យដឹងទៀតថា​ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២២:៥៣នាទី នៅចំណុចកើតហេតុខាងលើ មានជនសង្ស័យឈ្មោះ ញ៉ុញ លាងសៀ បានដើររើសអេតចាយមកដល់ចំណុចកើតហេតុ​ស្រាប់តែឃើញទូATM ឯជនសង្ស័យក៏ចូលទៅ​ រួចយកកាតវីង(Wing)ទៅដាក់ចូលទូATM ធនាគារ(អេសុីលីដា)។ បន្ទាប់មកក៏ចុចដកកាតចេញវិញប៉ុន្តែដកមិនចេញ ទេីបជនសង្ស័យខឹងវាយកញ្ចក់ទូATM បីដៃបណ្ដាលឲ្យបែករួចរត់គេចខ្លួន ។ ស្របពេលនោះជនរងគ្រោះដែលជាបុគ្គលិកធនាគារកំពុងអង្គុយមើលកាមេរ៉ាសុវត្តិភាពឃើញដូចនោះ ក៏ចុះទៅដល់កន្លែងកើតហេតុប៉ុន្តែរកមិនឃើញជនសង្ស័យ​។ លុះមកដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជយ័ទី៣ ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ។ រហូតមកដល់វេលាម៉ោង ១៥:៥០នាទីថ្ងៃដដែលស្រាប់តែជនរងគ្រោះប្រទះឃើញជនសង្ស័យកំពុងដើរតាមផ្លូវព្រះមុនីរ៉េតក្បែរធនាគារ(អេសុីលីដា)ក្នុងសង្កាត់ស្ទឹងមានជយ័ទី១ ក៏ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជយ័ទី៣ចាត់ការតាមច្បាប់តែម្ដង។

​    គួរបញ្ជាក់ថា​ សម្ភារខូតខាតមានកញ្ចក់ទូATM(អេសុីលីដា)ចំនួន០១  និងសម្ភារបន្សល់ទុក: កាតATMវីង លេខគណនី ០៣៩៥១៦២០ ។

​    បច្ចុប្បន្ននេះ​ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី៣បណ្ដោះអាសន្ន​ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ចាត់ការបន្តតាមនីតិវិធី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖