ភ្នំពេញ ៖ ខ្ញុំម្ចាស់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយយ៉ាងក្រៃលែង និងសូមថ្វាយ អំណរព្រះរាជគុណ ចំពោះព្រះរាជទ្រព្យដ៏ឧត្ដុង្គឧត្តម ចំនួន 20.000USD (ម្ភៃពាន់ដុល្លារសហរដ្ឋអាម៉េរិក) ដែល ជាព្រះរាជទានដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តាមរយៈសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម ដល់ក្រុមការងាររៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។
ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ថ្វាយ សម្ដេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមក្រាបបង្គំទូលថ្វាយថា ទស្សនីយភាព របាំ ចម្រៀង ដែលបានចាក់ផ្សាយ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្ងៃ១៧-១៨-១៩ មិថុនា នោះ គឺជាកម្រងជម្រើសទស្សនីយភាពរបាំ ចម្រៀង ដែលមានស្រាប់។
អាស្រ័យដូចបានទូលថ្វាយនេះ ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាតប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្ដុង្គឧត្តមខាង លើនេះ សម្រាប់សាងសង់ផ្ទះជូនប្រជានុរាស្ត្រក្រីក្របំផុត និងឥតទីពឹង។
ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្ដេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះ មេត្តាប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជាមហាម្លប់សម្រាប់ ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូនចៅ ចៅទូត របស់ព្រះអង្គជ្រកកោនតរៀងទៅ៕
ដោយ : សហការី