ខេត្តស្វាយរៀង៖ លោកយាយពិការភ្នែក សុំផ្ទះប្អូនថ្លៃរស់នៅនិងមានក្មួយស្រី ពិការដៃជើងដេកនៅកន្ទេល សូមអំពាវនាវដល់សប្បុរសជនសុំផ្ទះមួយខ្នង និងហូបចុកឲ្យបានគ្រប់គ្រាន់នៅជីវិតចុងក្រោយរបស់លោកយាយ ខណៈដែលជីវភាពសព្វថ្ងៃមានការខ្វះខាតយ៉ាងខ្លាំង ថែមទាំងមានជំងឺប្រចាំកាយទៀតផង។
បើតាមលោកយាយ សូ សុត អាយុ៧០ឆ្នាំ រស់នៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួលបានអោយដឹងថា លោកយាយជាស្ត្រីមេម៉ាយគ្មានផ្ទះសំបែង មានជំងឺរុំកាយ ក៏មកសុំប្អូនថ្លៃ សម្រាករស់នៅក្រោមផ្ទះ អស់រយៈពេលជាង៥ឆ្នាំមកហើយ មានការលំបាកយ៉ាងខ្លាំងចំពោះជីវភាពការហូបចុកមិនគ្រប់គ្រាន់ ដោយសារប្អូនថ្លៃក៏ចាស់ជរាដែរ ហើយពុំមានមុខរបរពិតប្រាកដ ដូច្នេះពុំមានថវិកាទិញថ្នាំពេទ្យ និងគ្រឿងឧបភោគបរិភោគ ហូបឲ្យបានគ្រប់គ្រាន់នោះទេ ម្យ៉ាងទៀតក្មួយស្រីក៏ពិការភាពដេកនៅនឹងកន្ទេលត្រូវឪពុកបម្រើលើកចុះឡើងគឺមានការលំបាកជាពន់ពេក។
លោកយាយបានបន្តថា សព្វថ្ងៃលោកយាយក៏មានប័ណ្ណសមធម៌(ប័ណ្ណក្រីក្រ) ពីរាជរដ្ឋាភិបាល ដើម្បីសម្រាលដល់ជីវភាពរស់នៅផងដែរ តែដោយសារលោកយាយមានជំងឺនិងត្រូវការទិញថ្នាំពេទ្យ ព្រមទាំងចំណាយលើការហូបចុកទៀតនោះ ធ្វើឲ្យលោកយាយជួបការលំបាកចាយមិនគ្រប់។
លោកយាយសូ សុត បានបញ្ជាក់ថា រយៈកាលកន្លងមកអាជ្ញាធរក៏បានយកចិត្តទុកដាក់ផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគ ដល់គ្រួសារលោកយាយផងដែរ តែអំណោយទាំងនោះបានតែមួយគ្រាប៉ុណ្ណោះដោយលោកយាយចាស់ជរា គ្មានមុខរបរ ធ្វើឲ្យជីវភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែដុនដាប។
ពាក់ព័ន្ធនឹងករណីដែលក្មួយស្រីឈ្មោះ ហ៊ុន គន្ធា អាយុ៣៨ឆ្នាំ ដែលពិការដៃជើងបានឲ្យដឹងថា កាលពីអាយុ ១២ ឆ្នាំក្មួយស្រីបានទៅឃ្វាលក្របីនៅឯព្រំដែនកម្ពុជាវៀតណាមហើយក្របីក៏បានចូលស៊ីស្រូវក្នុងទឹកដីវៀតណាម មានជនជាតិវៀតណាមម្នាក់ក៏បានមកជេរបញ្ចោរ ហើយក៏វាយក្មួយស្រីធ្លាក់ពីលើខ្នងក្របី។
ក្មួយស្រីបានបញ្ជាក់ថា កាលនោះក្មួយស្រីមិនទាន់ពិការដេកនិងកន្ទេលនោះទេ គឺអាចដើរបាន ក្រោយពីធ្លាក់លើខ្នងក្របីនិងមានការវាយពីជនជាតិវៀតណាមនោះមក ក៏ពិការភាពដេកនៅកន្ទេលរហូតដល់សព្វថ្ងៃនេះតែម្ដង។
ក្មួយស្រី ហ៊ុន គន្ធា បានរៀបរាប់ទាំងទឹកភ្នែកថា សព្វថ្ងៃក្មួយស្រីមានការលំបាកយ៉ាងខ្លាំងដោយឪពុកជាអ្នករ៉ាប់រង លើកចុះ លើកឡើងបត់ជើងតូច បត់ជើងធំពិតជាលំបាកខ្លាំងណាស់ ហើយក៏សូមអំពាវនាវដល់សប្បុរសជនជួយក្មួយស្រីផង ទាំងសម្លៀកបំពាក់និងការហូបចុក ឲ្យបានគ្រប់គ្រាន់ផងដែរ។
ពាក់ព័ន្ធនឹងករណីនេះបើតាមលោកអៀវ គា អាយុ៦៨ឆ្នាំដែលត្រូវជាប្អូនថ្លៃលោកយាយពិការភ្នែកបានរៀបរាប់ថា ក្រោយពីប្រពន្ធរបស់គាត់ត្រូវជាប្អូន(លោកយាយពិការភ្នែក) បានទទួលមរណកាលដោយសារជំងឺថ្លើម២០ ឆ្នាំមកនេះ លោកយាយក៏បានមកសុំផ្ទះរបស់គាត់រស់នៅជាមួយបណ្ដោះអាសន្នបានចំនួន ៦ឆ្នាំមកហើយ ការរស់នៅនេះលោកបានឲ្យលោកយាយរស់នៅក្រោមផ្ទះ នៅលើគ្រែមួយ ដោយជីវភាពលោកមានការខ្វះខាតខ្លាំងការហូបចុកមិនបានគ្រប់គ្រាន់នោះទេ។
លោកក៏សំណូមពរដល់អាជ្ញាធរក៏ដូចជាសប្បុរសជន សូមជួយដល់គ្រួសាររបស់គាត់ផង ជាពិសេសសុំជាគ្រឿងឧបភោគបរិភោគដើម្បីឧបត្ថម្ភឲ្យគ្រួសាររបស់គាត់បានហូបចុកគ្រប់គ្រាន់ ព្រមទាំងជួយធ្វើផ្ទះឱ្យលោកយាយពិការភ្នែកបានកន្លែងរស់នៅសមរម្យផងដែរ។
លោកសេង សាវ៉ុន មេឃុំ ថ្នាធ្នង់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដឹងថា គ្រួសារលោកយាយសូ សុត និងក្មួយស្រីហ៊ុន គន្ធា ពិតជាមានជីវភាពខ្វះខាតពិតប្រាកដមែន ហើយអាជ្ញាធរឃុំ ក៏បានយកចិត្តទុកដាក់ផ្ដល់នូវប័ណ្ណសមធម៌ និងក៏មានអំណោយតិចតួចឧបត្ថម្ភជាបន្តបន្ទាប់ផងដែរ។
លោកបានបញ្ជាក់ថា លោកយាយជាស្ត្រីមេម៉ាយពិការភ្នែកនេះ ធ្លាប់មានប្ដីកាលពីសម័យលន់ណុល តែបច្ចុប្បន្ននេះបានរស់នៅតែម្នាក់ឯងហើយក៏សុំផ្ទះប្អូនថ្លៃនៅជាមួយ ទាំងការហូបចុក ហើយចំពោះក្មួយស្រីដែលពិការនេះគឺពិការតាំងពីកំណើត។
លោកបានបញ្ជាក់ថា ចំពោះលោកយាយពិការភ្នែក ក៏ទទួលបានប័ណ្ណសមធម៌មួយ ហើយលោកអៀរ គារ ដែលត្រូវជាឪពុកក្មួយស្រីពិការនេះ ក៏ទទួលបានបានប័ណ្ណសមធម៌មួយដែរ។
លោកបានបន្តថា ក្នុងនាមអាជ្ញាធរតែងតែគិតគូរដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយក៏មិនឲ្យប្រជាពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយមិនដឹងនោះដែរ ជាពិសេសមានលោកអភិបាលស្រុក តែងតែ ណែនាំឲ្យលោកចុះ មើលជាប្រចាំចំពោះគ្រួសារណា ដែលមានជីវភាពខ្វះខាតផងដែរ ៕
ដោយ៖ សុថាន