ខេត្តសៀមរាប ៖ នគរបាលខេត្តសៀមរាប បញ្ជាក់ថា ករណីរថយន្ត Mercedes ពណ៌ស ផ្លាកលេខ រដ្ឋ36-2-0245 ប៉ះនឹងម៉ូតូ Scoopy ពណ៌ក្រហម ផ្លាកលេខ សៀមរាប 1M-7888 បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសស្រាល ដោះស្រាយបញ្ចប់ ដោយសន្តិវិធី មិនមែនគេចវេះនោះឡើយ។ នេះបើយោងតាម សេចក្តីបំភ្លឺព័ត៌មានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយស សូមគោរព ជម្រាបជូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា៖ នាពេលថ្មីៗនេះ មានផេកសារព័ត៌មានឈ្មោះ FireBuzz និងផេកសារព័ត៌មានផ្សេងៗទៀត បានបង្ហោះចំណងជើងថា៖ កូនស្រីមន្ត្រីមានឥទ្ធិពលម្នាក់ បុកគេបាក់ជើងបាក់ដៃស្ទើរស្លាប់ ស្ទើររស់ ហើយជនសង្ស័យ ប៉ូលីសចរាចរណ៍ឲ្យគេចខ្លួន គ្មានអ្នកជួយដោះស្រាយ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាទៅកាន់ លោក វរសេនីយ៍ឯក សោម វីរៈ នាយការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចុះធ្វើការស្រាវជ្រាវដែលលទ្ធផលទទួលបានមានដូចខាងក្រោម៖
ជាក់ស្តែងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១២:១៥ នាទី នៅត្រង់ចំណុច នៅលើផ្លូវរុក្ខវិថីព្រះសីហនុ (ស្តុបសារមន្ទីរជាតិអង្គរ) ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប រវាងរថយន្ត Mercedes ពណ៌ស ផ្លាកលេខ រដ្ឋ36-2-0245 និងម៉ូតូ Scoopy ពណ៌ក្រហម ផ្លាកលេខ សៀមរាប 1M-7888 បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួស ស្រាល និងខូចខាតម៉ូតូស្រាល ហើយអ្នកបើកបររថយន្តមិនបានគេចខ្លួនចេញពីកន្លែងកើតហេតុ ដូចដែលខ្លឹមសាររបស់ សារព័ត៌មានខាងលើចុះផ្សាយនោះទេ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមធ្វើការបដិសេធទាំងស្រុង ។ ចំពោះករណីបញ្ហាគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាលខាងលើនេះ ភាគីទាំងសងខាង បានធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងរួចរាល់ នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ។ អាស្រ័យហេតុនេះ សូម លោកនាយក ផេកសារព័ត៌មាន FireBuzz ជួយកែតម្រូវនូវខ្លឹមសារដែលបានចុះផ្សាយដើម្បីជៀសវាងកុំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ របស់កងកម្លាំង ៕
ដោយ ៖ សហការី