ខេត្ដមណ្ឌលគិរី ៖ សកម្មភាពលួចធ្វើរ៉ែមាស នៅចំណុចភូមិព្រៃមាស ឃុំចុងផ្លាស ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានផ្អាក បន្ទាប់ពី សមត្ថកិច្ច អាជ្ញាធរ ជំនាញ ចុះស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីបង្ក្រាប ។ នេះបើយោងតាមប្រភពក្រៅផ្លូវការ បានបញ្ជាក់ឲ្យដឹងនៅល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ ។
កន្លងទៅគេបានបញ្ជាក់ថា : (មានគេខ្សឹបថា នៅអូរខ្លរ ក្នុងឃុំចុងផ្លាស់ អតីតរណ្តៅរ៉ែក្រោមការគ្រប់គ្រងរបស់ សហគមន៍រ៉ែចុងផ្លាស់ ដែលថ្នាក់ជាតិបិតគំរបកន្លងទៅ ឥលូវរបើកគំរបជាច្រើនរណ្តៅ វិញហើយ។ រណ្ដៅទាំងនោះសុទ្ធតែមានរបង បិទបាំង ខ្លះមាននៅក្រោមផ្ទះទៀតផង។លឺ ថា មួយរណ្ដៅត្រូវរត់ការអស់ច្រើនពាន់ដុល្លារ ណាស់ ទើបបើករណ្ដៅបាន)។
ប្រភពដដែលបន្តថា , (កន្លងទៅប៉ុន្មានខែមុនចោរអំបុក ចោរអំបែង ត្រូវសមត្ថកិច្ចចាប់ខ្លួនដែរ រឿងលួចជីកយករ៉ែ មាសនេះ តែលើកនេះសកម្មភាពជីកយ៉ាងគគ្រឹកមិនទាន់ឃើញគេចាប់ក្រុមចោរលួចជីក ថ្មរ៉ែទាំងនោះ នោះទេ ត្បិតអីប៉ុស្តិ៍រដ្ឋបាលឃុំ ចុងផ្លាស់ដូចជានៅម្ដុំកើតហេតុនោះដែរ)។
សូមបញ្ជាក់ថា, ករណីរាយការណ៍បែបនេះ ត្រូវបានក្រុមអ្នកដែលនៅកន្លែង ធ្វើសកម្មភាពទាំងនោះ ហើយក៏ជាក្រុមមន្ត្រីជំនាញផងដែរ បានបញ្ជាក់អំពីករណីនេះ។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ពាក់ព័ន្ធនឹងសំណួរដែលសួរថា , តើសមត្ថកិច្ចរបស់លោក បានចុះស៊ើបអង្កេត ស្រាវជ្រាវ ឈានដល់បង្ក្រាបបានហើយឬនៅ នៅកន្លែងលួចធ្វើសកម្មភាពរ៉ែមាសនោះ លោកស្នងការបានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ឱ្យដឹងថា : ក្រោយពីទទួលបានដំណឹងនេះ ខ្ញុំបានដាក់កម្លាំងចុះទៅ ប៉ុន្តែពួកគេពុំបានធ្វើសកម្មភាព ទើបខ្ញុំនៅតែបន្ត តាមដាន ប្រសិនបើមានសកម្មភាព ត្រូវតែបង្ក្រាប។
លោក ទី សុផល ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តមណ្ឌលគិរី កាលពីប៉ុន្មានថ្ងៃមុន លោកទទួលស្គាល់ថាមានសកម្មភាពលួចធ្វើរ៉ែមាសនៅចំណុចខាងលើនោះមែន ប៉ុន្តែពួកគេបានលួចធ្វើ ស្របពេលដែលមន្ត្រីគ្រប់គ្នា មានភារកិច្ចជាប់ការងារបោះឆ្នោត ។ សម្រាប់ល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ លោក ទី សុផល ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តមណ្ឌលគិរី មិនអាចធ្វើទំនាក់ទំនងសុំការបំភ្លឺបាន ថាតើ ការចុះស៊ើបអង្កេត ស្រាវជ្រាវ ទទួលបានលទ្ធផលបែបណា ពីព្រោះទូរសព្ទចូលគ្មានអ្នកទទួល។
សូមជម្រាបជូនថា , ករណី សកម្មភាពលួចធ្វើរ៉ែមាស នៅចំណុចភូមិព្រៃមាស ឃុំចុងផ្លាស ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានផ្អាក បន្ទាប់ពី សមត្ថកិច្ច អាជ្ញាធរ ជំនាញ ចុះស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីបង្ក្រាប នេះ , ប្រភពដែលអាចយកជាការណ៍បាន បង្កើតថា, មេក្លោង រត់ការចាត់ចែង(ថ្នាក់លើ) មានឈ្មោះ សុជាតិ , បុគ្គលនេះក៏បានយកឈ្មោះខ្លួនជាជំនួយការអគ្គ …ផងដែរ ។ ក្នុងនោះក៏មានឈ្មោះ តែ គឹមសាន ជាអ្នករត់ការបន្ទាប់បន្សំ ចេញមុខដោះស្រាយចំពោះសមត្ថកិច្ចអាជ្ញាធរថ្នាក់ក្រោម ឬមន្ត្រីជំនាញតូចតាច ដែលចុះទៅឃើញសកម្មភាព ឬបណ្ដាអ្នកខ្លះដែលអាងថាជាអ្នកសារព័ត៌មាន ត្រូវបានឈ្មោះ តែ គឹមសាន ដោះស្រាយតាមលទ្ធភាពសម្រាប់ ភាពទទួលខុសត្រូវរបស់ពួកគេ ។ ក្រៅពីនោះមានឈ្មោះ មិនា ច្រើនដើរតួជំនួស លោក សុជាតិ ។
ពាក់ព័ន្ធក្នុងករណីនេះ ឈ្មោះសុជាតិ តាមទូរសព្ទជាមួយមជ្ឈមណ្ឌលព័ត៌មាន” នគរវត្ត” ជាមួយនឹងសំណួរថា, លោកជាអ្នករត់ការ ចំពោះសកម្មភាពលួចធ្វើរែ៉មាស នៅភូមិព្រៃមាស ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ លោកបានបញ្ជាក់ថា, ខ្ញុំអត់ដឹងអីទេ ខ្ញុំអត់ស្គាល់ផង អ្នកណាធ្វើជារឿងរបស់គេទៅ រួចក៏បិទទូរសព្ទ ។
សូមបញ្ជាក់ថា , កន្លងទៅមានការសុំអន្តរាគមន៍, ដើម្បីឲ្យអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ដកឈ្មោះ សុជាតិ ចេញពីលើគេហទំព័រផ្សព្វផ្សាយ ដោយលើកហេតុផលថា ឈ្មោះសុជាតិនេះធ្វើការងាររដ្ឋផង ! ។ ប៉ុន្តែប៉ុន្មានថ្ងៃមុន ម្ចាស់ទូរសព្ទលេខ 070777778 បានទូរសព្ទមកកាន់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត ” ដោយអះអាងថាគាត់ឈ្មោះសុជាតិ ហើយក៏មិនបានពាក់ព័ន្ធ ក្នុងករណី ការលួចធ្វើរ៉ែមាសនៅខេត្តមណ្ឌលគីរីនោះដែរ។ លោកបានឱ្យ បុគ្គលិកអង្គភាពមួយនេះ ដកឈ្មោះលោកចេញពីគេហទំព័រ ហើយលោកបានគំរាមតាមទូរសព្ទថា, លោកបានឱ្យមេធាវីដាក់ពាក្យបណ្ដឹងហើយ។
ទោះបីជាយ៉ាងណាក៏ដោយ អង្គភាពមជ្ឈមណ្ឌល ព័ត៌មាន”នគរវត្ត” នៅតែមានជំហររឹងមាំ ទទួលខុសត្រូវរាល់ការចេញផ្សាយរបស់ខ្លួន និងគោរពទៅតាម ក្រមសីលធម៌វិជ្ជាជីវៈ ។
គេទទួលស្គាល់ថា, អាជ្ញាធរខេត្តមណ្ឌលគិរី បានយកចិត្តទុកដាក់ក្នុងរឿងនេះ រហូតដល់រៀបចំបង្កើត ក្រុមការងារ ដើម្បីចុះស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីឈានដល់ការបង្ក្រាប។ ប៉ុន្តែលេចឮថា, ក្រុមឈ្មួញលួចធ្វើរ៉ែមាស កំពុងព្យាយាម យកសម្ភារៈ បម្រើឲ្យសកម្មភាពលួចធ្វើរ៉ែមាស ប្រមូលចេញពីកន្លែងនោះ ក្នុងប្រយោជន៍មួយ មកពិនិត្យជាក់ស្ដែង គឺពុំមានសកម្មភាពលួចធ្វើរ៉ែមាស ៕
ដោយ ៖ មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”