ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ឈ្មោះ សម រង្ស៊ី បានបង្ហោះកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ទ.១១០២ នៃការិយាល័យបោះឆ្នោត ចំនួន ៣ ស្ថិតក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល រួមមាន ការិយាល័យលេខ ១៥៨៤, ១៥៨៨ និង ១៥៩៦ ដោយអះអាងថា “ការិយាល័យបោះឆ្នោតទាំងនោះមិនបាន កត់ត្រាចំនួនសន្លឹកឆ្នោតរបស់គណបក្សនយោបាយ ដែលបានចូលរួមឈរឈ្មោះបោះឆ្នោតនៅការិយាល័យទាំងនោះ គ្រាន់តែកត់ត្រានូវចំនួនសន្លឹកឆ្នោតសរុបតែប៉ុណ្ណោះ ដែលជាភស្ដុតាងមួយបញ្ជាក់ថាសន្លឹកឆ្នោតទាំងនោះត្រូវ បានគេលួចបន្លំ ។
តាមការបញ្ជាក់របស់ប្រធានការិយាល័យបោះឆ្នោតនិងរាប់សន្លឹកទាំង ៣ ខាងលើ គណៈកម្មការ រៀបចំការបោះឆ្នោត ខេត្តកណ្តាល សូមធ្វើការបំភ្លឺចំពោះសាធារណមតិសូមជ្រាបថា បន្ទាប់ពីបញ្ចប់ការរាប់ សន្លឹកឆ្នោតភ្លាម លេខាធិការនៃការិយាល័យរាប់សន្លឹកឆ្នោតទាំង ៣ ខាងលើ បំពេញ ទ.១១០២ ចំនួន ២ ច្បាប់ ត្រឹមត្រូវ ដោយឡែក ១ ច្បាប់ ដែលយកទៅបិទផ្សាយនៅមុខការិយាល័យ មិនបានកត់ត្រាសម្លេងឆ្នោតគាំទ្រ របស់គណបក្សនយោបាយ។ ស្របពេលនោះ ដោយដឹងពីចំណុចខ្វះចន្លោះរបស់ខ្លួន មន្ត្រីការិយាល័យក៏បាន កត់ត្រាបន្ថែមនូវសំឡេងឆ្នោតគាំទ្ររបស់គណបក្សនយោបាយនីមួយៗ ភ្លាមៗដែរ។ នេះបញ្ជាក់ថាករណីខាង លើ គឺជាការធ្វេសប្រហែសរបស់មន្ត្រីការិយាល័យរាប់សន្លឹកឆ្នោត។
ដូច្នេះគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកណ្តាល សូមបដិសេធចោលទាំងស្រុងនូវពាក្យចោទប្រកាន់ ខាងលើ ដែលលើកឡើងថាសន្លឹកឆ្នោតនៅការិយាល័យទាំង ៣ ខាងលើត្រូវបានគេជួបន្លំ ៕
ដោយ ៖ សិលា