ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ពាក់ព័ន្ធករណីឃាតកម្ម ខ្មាន់កាំភ្លើងបាញ់ប្រហាលើបុុរសម្នាក់ចំនួន៣គ្រាប់ កម្លាំងសមត្ថកិច្ចស្រាវជ្រាវបានភស្តុតាង និងអត្តសញ្ញាណជនដៃដល់ ហើយកំពុងតាមឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចស្រាវជ្រាវបានភស្តុតាង និងអត្តសញ្ញាណជនដៃដល់ ហើយកំពុងតាមឃាត់ខ្លួន ខ្មាន់កាំភ្លើងបាញ់ប្រហារលើបុុរសម្នាក់ចំនួន៣គ្រាប់ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ កាលពីវេលាម៉ោងជិត ២រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ ចំណុចផ្លូវ៣៦០ កែងផ្លូវ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ 

សូមបញ្ជាក់ថា គេបានឃើញជនរងគ្រោះ និងខ្មាន់កាំភ្លើង បានមានទំនាស់ទាស់ទែងគ្នា ដោយមានកាន់កាំបិតថែមទៀត ពេលនោះជនរងគ្រោះក៏ដើរចេញ ស្រាប់តែភាគីម្ខាងទៀត ដែលជាឃាតក និងជាជនដៃដល់ បានទាញកាំភ្លើង ដេញបាញ់បុរសម្នាក់ជាច្រើនគ្រាប់ផ្ទួនៗគ្នា ដោយជនរងគ្រោះបានព្យាយាមរត់ឲ្យគេជួយដែរ តែត្រូវជនដៃដល់ បាញ់ស្លាប់យ៉ាងរន្ធត់   រួចប្រញាប់រត់ឡើងជិះរថយន្តឡិចស៊ីស NX200t ពណ៌ស មិនចាំស្លាកលេខ រត់គេចខ្លួនបាត់តែម្តង ។  

សពជនរងគ្រោះបើតាមការបញ្ជាក់ពីសមត្ថកិច្ចជនរងគ្រោះជាជនជាតិវៀតណាម អាយុប្រហែល ៣០ឆ្នាំជាង ស្លៀកខោខ្លី ពណ៌សាច់ ជើងខ្លី ពាក់អាវស ដៃវែង ស្ពាយកាបូបពណ៌ខ្មៅ ពាក់ស្បែកជើងស៊ក ហើយបើតាមការធ្វើកោសល្យវិច័យ នៅទីតាំងកើតហេតុផ្ទាល់ ឃើញមានគ្រាប់ចំនួន ៤គ្រាប់ ។ សពត្រូវបានយកទៅតម្តល់នៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងសហការជាច្រើនអង្គភាព បន្ទាប់ពីប្រមូលភស្តុតាង និង ដឹងពីអត្តសញ្ញាណជនដៃដល់ កម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ឃាត់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដោយ៖ រ៉ារ៉ា និងជីណា


ចែករំលែក៖