ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបបុកខឿនទ្រូងផ្លូវបណ្តាលឱ្យឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុងសំណាងល្អគ្មានអ្នករងរបួស!

ចែករំលែក៖

ខេត្តបាត់ដំបង៖ រថយន្តLEXUS GS300មួយគ្រឿងបើកបរក្នុងល្បឿនលឿនបានជ្រុលចង្កូតបុកខឿនផ្លូវនិងហោះទៅបុករះបង្គោលប៉ាណូបណ្តាលឱ្យក្រឡាប់ឆេះយ៉ាងសន្ធោសន្ធៅនៅវេលាម៉ោងជាង ៤និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ នៅតាមកំណាត់បណ្ដោយផ្លូវហាយវេ ស្ថិតក្នុងក្រុមទី១ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពពីប្រជាពលរដ្ឋដែលឆ្លងកាត់នៅតាមបណ្ដោយផ្លូវនេះបានលើកឡើងថា រថយន្តដែលឆេះម៉ាក Lexus Gs300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-7725 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនទិសដៅពីត្បូងទៅជើង(ពីខេត្តបាត់ដំបង ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ) លុះមកដល់ទីតាំងកើតហេតុសង្ស័យតៃកុងងងុយដេកបានជ្រុលចង្កូតទៅបុកទ្រូងផ្លូវនិងបន្តទៅបុកប៉ាណូបណ្តាលឱ្យហោះជិត១០០ម៉ែត្រក្រឡាប់ផ្ងារជើងឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗតែម្ដង តែសំណាងល្អម្ចាស់បានរំដោះខ្លួនគេចបាត់ស្រមោល។

 ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបាននាំយករថយន្ត ពន្លត់អគ្គិភ័យចុះទៅអន្តរាគមន៍បាញ់ទឹកពន្លត់តែមិនបានឃើញបំណែកសាកសពម្ចាស់រថយន្តឡើយ សង្ស័យម្ចាស់បានបើកទ្វារចេញក្រៅហើយចាកចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖