ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃចន្ទ ១៤ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយនឹងរដ្ឋបាលក្រុងបាត់ដំបងពាក់ព័ន្ធនឹងការងារគ្រប់គ្រងសំរាមក្នុងក្រុងបាត់ដំបង នៅសាលប្រជុំB២ អគារB សាលាខេត្តបាត់ដំបង ។
លោក សុខ លូ បានមានប្រសាសន៍ថា បញ្ហាការគ្រប់គ្រងសំរាមនៅក្នុងខេត្តបាត់ដំបង កាលពីមុនពិតជាមានលក្ខណៈពិបាកណាស់ ដោយសារតែកាលពីមុនខេត្តបាត់ដំបងពុំមានក្រុមហ៊ុនសហការក្នុងការគ្រប់គ្រងសំរាមនៅឡើយ និងបង្ករឱ្យប៉ះពាល់ដល់បរិស្ថាន ព្រមទាំងសុខភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន។ លោក សុខ លូ មានប្រសាសន៍បន្តទៀតថា ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ រដ្ឋបាលក្រុងបាត់ដំបងមានដៃគូសហការជាមួយក្រុមហ៊ុនសំរាម ក្នុងការគ្រប់គ្រងសេវាដឹកជញ្ជូនសំរាមនៅតាមគេហដ្ឋានរបស់ប្រជាជន ដែលធ្វើឱ្យប្រជាជននៅក្នុងក្រុងបាត់ដំបងមានសេចក្ដីសោមនស្សរីករាយ និងគាំទ្រជាខ្លាំងចាប់តាំងពីមានសេវាកម្មនេះមក និងការគ្រប់គ្រងសំរាមនៅក្នុងក្រុងបាត់ដំបងមានរបៀបរៀបរយល្អជាងមុន។
លោកមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា បញ្ហាប្រឈមនៅក្នុងក្រុងបាត់ដំបង គឺទាក់ទងទៅនឹងកាលវិភាគនៃការប្រមូលសំរាម ពោលគឺមិនសូវទៀងទាត់ និងជាក់លាក់នៅឡើយ ជាហេតុធ្វើឲ្យមានការប្រមូលយកសំរាមមិនបានគ្រប់ជ្រុងជ្រោយ ដូចនះ ក្រុមហ៊ុនសហការត្រូវរៀបនូវកាលវិភាគឱ្យបានច្បាស់លាស់ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការញែក វិចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយនូវបញ្ហាក្លិនស្អុយដែលកើតចេញពីសំរាមដែលរលួយ។
លោកមានប្រសាសន៍បន្តទៀតថា ចំពោះតម្លៃវិញ គឺត្រូវកំណត់ឱ្យបានសាកសមចំពោះអាជីវកម្មនីមួយៗដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ហាង ផ្ទះអាជីវកម្ម និងលំនៅដ្ឋានជាដើម ដោយដាក់តម្លៃនៅក្នុងកម្រិតមួយដែលពួកគាត់អាចទទួលយកបាន។
លោក បានមានប្រសាសន៍ លើកទឹកចិត្ត និងជំរុញដល់រដ្ឋបាលក្រុងបាត់ដំបងឱ្យបង្កើតនូវវេទិកាសាធារណៈក្នុងការផ្សព្វផ្សាយពីដំណើរការក្នុងការគ្រប់គ្រងសំរាម និងការបែងចែកកាកសំណល់ដល់សាធារណជននៅតាមមូលដ្ឋាន និងជាពិសេសនៅតាមផ្សារផងដែរ៕
ដោយ ៖ សហការី