ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ Edinson Cavani បានចូលរួមជាមួយក្រុម Boca Juniors បន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយក្រុម Valencia របស់ La Liga។ នេះបើយោងតាមក្លិបមកពីលីកកំពូលអាហ្សង់ទីន Boca Juniors បានប្រកាសកាលពីថ្ងៃអាទិត្យ ទី៣០ កក្កដា។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា កីឡាករវ័យ៣៦ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល១៨ខែដោយ Boca Juniors ស្នើសុំពេលវេលាបន្ថែមពី Argentine FA ដើម្បីចុះឈ្មោះខ្សែប្រយុទ្ធសម្រាប់ការប្រកួត Copa Libertadores ជុំទី១៦។
ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Buenos Aires បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលពីមុនត្រូវបានគេស្គាល់ថា Twitter រួមជាមួយនឹងវីដេអូស្វាគមន៍កីឡាករដែលធ្វើដំណើរច្រើន។
Cavani ដែលបានចាប់ផ្តើមអាជីពរបស់គាត់ជាមួយក្លិប Danubio របស់អ៊ុយរ៉ាហ្គាយរួចបានផ្លាស់ទៅអឺរ៉ុបក្នុងឆ្នាំ២០០៧ នៅពេលដែលគាត់បានចូលរួមជាមួយ Palermo។ បន្ទាប់ពី៤រដូវកាលគាត់បានប្តូរទៅ Napoli ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទី១០៤គ្រាប់ក្នុង១៣៨ប្រកួត និងបានជួយក្លិបឈ្នះពានរង្វាន់ Coppa Italia។
ក្នុងឆ្នាំ២០១៣ គាត់ត្រូវបានចុះហត្ថលេខាលេងឲ្យក្លិប Paris Saint-Germain ជាកន្លែងដែលគាត់បានលេងអស់រយៈពេល៧ឆ្នាំ ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់ក្លិប ដែលជាកំណត់ត្រាដែលគាត់បានរក្សារហូតដល់រដូវកាលមុន នៅពេលដែលខ្សែប្រយុទ្ធបារាំង Kylian Mbappe បានយកឈ្នះគាត់ដោយស៊ុតបញ្ចូលទីបាន២១២គ្រាប់នៅក្នុងការប្រកួតទាំងអស់។
គាត់បានជួយក្រុមបារាំងមួយនេះឈ្នះពានរង្វាន់ Ligue 1 ចំនួន៦ដង, ពាន French Cup ៥ដង និង League Cup ចំនួន៦នៅ PSG បូករួមទាំងមេដាយរងនៅ Champions League។
Cavani បានចូលរួមជាមួយក្រុមបិសាចក្រហម Manchester United ក្នុងឆ្នាំ២០២០ មុនពេលផ្លាស់ទៅ Valencia ដោយមិនគិតថ្លៃផ្ទេរ២ឆ្នាំក្រោយ។ ក្លិបអេស្ប៉ាញបានព្រមព្រៀងគ្នាកាលពីថ្ងៃសៅរ៍ដើម្បីបញ្ចប់កិច្ចសន្យារបស់ខ្សែប្រយុទ្ធដែលនឹងត្រូវផុតកំណត់នៅឆ្នាំក្រោយ។
Cavani បានបង្ហាញខ្លួនចំនួន១៣៦ប្រកួត និងស៊ុតបញ្ចូលទីបាន៥៨គ្រាប់សម្រាប់ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទី២របស់ប្រទេសនេះតាមពីក្រោយដោយខ្សែប្រយុទ្ធ Luis Suarez។ គាត់បានជួយប្រទេសរបស់គាត់ឈ្នះពានរង្វាន់ Copa America កាលពីឆ្នាំ២០១១ផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)