ខេត្តព្រៃវែង៖ នៅថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមុិញ នគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាភ្នំ បានចុះធ្វើតេស្តរកសារធាតុញៀន ក្នុងពិធីបំបួសនាគ ១៩នាក់ នៅវត្តជ្រៃឧត្តម ហៅវត្តខ្លាលោត ស្ថិតក្នុងភូមិអណ្ដូង ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
គួរបញ្ជាក់ថា ព្រះធម្មមុនីរង្សី នុត វណ្ណៈ ព្រះអនុគុណស្រុកបាភ្នំ និងជាព្រះចៅអធិការវត្តជ្រះឧត្ដម ហៅវត្តខ្លាលោត បានស្នើសុំកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋានគរបាលស្រុកបាភ្នំ ដើម្បីពិនិត្យរកសារធាតុញៀន កុលបុត្រ (នាគ) មុននឹងបំបួសជាព្រះសង្ឃ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នេះ ។
ជាលទ្ធផលក្រោយធ្វើតេស្តពិនិត្យរកឃើញថា កុលបុត្រទាំង ១៩នាក់ គឺអវិជ្ជមាន គ្មានសារធាតុញៀនឡើយ ។
សូមបញ្ជាក់ថា, មុនធ្វើតេស្តរកសារធាតុញៀន មុនពេលបំបួសជាព្រះសង្ឃ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខេត្តព្រៃវែង បានបង្ហោះថា : ដំបូងសូមការអភ័យទោសការដែលយកលិខិតមកបង្ហោះដោយមិនសុំការអនុញ្ញាត 🙏
បង្ហោះលិខិតនេះ ដោយសារទើបឃើញលើកទី១ និងគិតថាជាទង្វើល្អប្រសើរក្រៃលែង ។ មុនក្លាយជាបុព្វជិត កុលបុត្រគួរលាងសម្អាតខ្លួនកុំពាក់ព័ន្ធគ្រឿងញៀន ហើយបើបានក្លាយជាសាវកហើយ សុំកុំធ្វើអំពើសង្គមស្អប់ខ្ពើម ។ ព្រះសង្ឃគឺជាជនដែលប្រជាជនទូទៅគោរពសំពះដល់បាតដីមិនថាគេឬខ្ញុំដែលកាន់សាសនាព្រះពុទ្ធ គោរពចង់ជាងឳពុកម្តាយសំពះមិនហ៊ានងើបមុខពេលខ្លះ ចុះបើសង្ឃប្រើគ្រឿងញៀន លួចមានស្រី សេពស្រា លេងល្បែងពាលា តើបាបកម្មនោះធ្លាក់ដល់កំរិតណា? ចាប់តាំងពីខ្ញុំបានកាន់ជានគរបាលស្រុករហូតខេត្ត ខ្ញុំធ្លាប់ឃាត់បានលោកសង្ឃប្រើគ្រឿងញៀនច្រើនករណីដែរ បង្ខំផ្សិកក៏ច្រើន ដូចនេះពេលឃើញលិខិតនេះសូមកោតសរសើរដល់ម្ចាស់លិខិត និងសុំឱ្យគ្រូសង្ឃទាំងឡាយផ្សេងៗទៀត ជួយមើលសង្ឃក្រោមឱវាទផង អាណិតប្រជាជនខិតខំសំពះដល់ល្អងធូលី 🙏🙏🙏 សាធុ សាធុ សាធុ សូមឱ្យសាសនាយើងបានរុងរឿងដល់កាល ៥០០០ឆ្នាំផង 🙏៕
ដោយ ៖ សហការី