ព័ត៌មានទាន់ហេតុការណ៍៖

ហ៊ានណាស់នាំគ្នាលួចកាត់សំណាញ់ដែកហ៊ុមព័ទ្ធព្រលានយន្តហោះថ្មីនៅស្រុកសូទ្រនិគម

ចែករំលែក៖

ខេត្តសៀមរាប៖ តាមរយៈការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម ព្រមទាំងដឹកនាំជំនាញដោយលោកវរសេនីយ៍ឯក នួន សក្ដិចំរើនឫទ្ធិ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ហង្ស សុផាតភីរម្យ នាយការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។

កម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាយ៉ែក និងកម្លាំងប្រជាការពារ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ ឯក ឃីម ផល្លា បានចុះពិនិត្យស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ដូចខាងក្រោម÷

១.ឈ្មោះ ដា រិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។

២.ឈ្មោះ វ៉ាន់ វិត (ហៅ វ៉ង) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។

៣.ឈ្មោះ ថាន់ ថុន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។

៤.ឈ្មោះ វុធ វណ្ណធី (ហៅ កែក) ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។

និង៥.ឈ្មោះ វ័យ ដាវិន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។ 

ជនសង្ស័យទាំង៥នាក់នេះពាក់ពន្ធ័ករណី “អំពើលួចនិងទទួលផលចោរកម្ម“ ដោយលួចកាត់យកសំណាញ់ដែកដែលហ៊ុមពទ្ធ័របងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ព្រលានយន្តហោះថ្មីក្នុងស្រុកសូទ្រ និគម) ។ កើតហេតុនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៣ទៀបភ្លឺ នៅចំណុចខាងជើងចន្លោះអាង ទឹកក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ស្ថិតក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ 

មន្ត្រីនគរបាលស្រុកសូត្រនិគមបានឲ្យដឹងថា ក្រុមជន សង្ស័យខាងលើ និងបក្ខពួក (ខ្លះកំពុងរត់គេចខ្លួន) ជាអតីតកម្មករធ្វើការសំណង់ក្នុងការដ្ឋានព្រលានយន្តហោះថ្មី ក្រោយមកក៏នាំគ្នាឈប់ធ្វើការ និងបែកគំនិតរួមគ្នាធ្វើសកម្មភាពលួចគ្រឿងសម្ភារសំណង់ផ្សេងៗ និង លួចកាត់សំណាញ់ដែកដែលហ៊ុមពទ្ធ័របងព្រលានយន្តហោះជាព្រំប្រទល់ពទ្ធ័ជុំវិញដើម្បីការពារសុវត្ថិភាពរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។ 

ជាក់ស្ដែងនៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ក្រុមជនសង្ស័យខាងលើបានបបួលគ្នាប្រើប្រាស់គ្រឿងញៀន និង រៀបគម្រោងការទៅលួចកាត់សំណាញ់ដែកនៅចំណុចខាងជើងចន្លោះអាងទឹកក្នុងបរិវេណអាកាស យានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជាកន្លែងស្ងាត់ វាលស្រែ ពុំមានអ្នកយាមកាម ។ នៅម៉ោង ៣ទៀបភ្លឺ ពួកគេបានធ្វើសកម្មភាពលួចកាត់សំណាញ់ដែកនោះ រួចក៏នាំគ្នាអូស ដឹកជញ្ជូនសំណាញ់ដែកទាំងនោះយកទៅលាក់ទុកក្នុងបរិវេណផ្ទះរបស់ក្រុមខ្លួនសិន ។ លុះព្រឹកឡើងទើបនាំគ្នាដឹកជញ្ជូនតាមរុឺម៉កម៉ូតូយកទៅលក់ ក៏ត្រូវកម្លាំងសមត្ថកិច្ចចុះបង្រ្កាប និងនាំខ្លួនយកមកសួរ នាំនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមតែម្ដង។

បន្ទាប់ពីសាកសួរចប់ ជនសង្ស័យទាំង៥នាក់ខាងលើ សារភាពថា ពួកគេពិតជាប្រើប្រាស់គ្រឿងញៀន និងបានសហការគ្នាធ្វើសកម្មភាពលួចកាត់យកសំណាញ់ ដែករបស់ព្រលានយន្តហោះនោះប្រាកដមែន ។

នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួលនីតិវិធីដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីបន្តនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖