ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកINTERCIS ឈប់ចតលើផ្លូវខ្វះការប្រុងប្រយ័ត្ននិងមិនមានដាក់ស្លាកសញ្ញាត្រូវម៉ូតូបុកពីក្រោយស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់មួយបង្កឡើង ដោយរថយន្តម៉ាក INTERCIS ឈប់ចតលើផ្លូវខ្វះការប្រុងប្រយ័ត្ននិងមិនមានដាក់ស្លាកសញ្ញាត្រូវម៉ូតូបុកពីក្រោយស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅស្រុកស្វាយជ្រំ។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នៅលេីផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ ១០៥-១០៦ស្ថិតក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

    យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា អ្នកស្លាប់មានឈ្មោះ អៀង សារ័ត្ន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងអ្នករួមដំណើររងរបួសមានឈ្មោះ ឈឿន សុង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងជួសជុលម៉ាសុីនត្រជាក់ ជិះម៉ូតូម៉ាកហុងដាគុបជ្រុង៧០ ពណ៌ទឹកសមុទ្រ មិនមានស្លាកលេខ ខូចខាតយ៉ាងដំណំ។

    ចំណែករថយន្តបង្កហេតុម៉ាក INTERCIS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣F-៣៨៩២ បេីកបរដោយឈ្មោះ ឌុន ប្រាថ្នា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទាខេត្តស្វាយរៀង។

    តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាក INTERCIS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣F-៣៨៩២ ឈប់ចតក្នុងទិសដៅពីលិចទៅកើត នៅលេីផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែតលេខ ១០៥និង១០៦ ដោយខ្វះការប្រុងប្រយ័ត្ននិងមិនមានដាក់ស្លាកសញ្ញាសម្គាល់ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាគុបជ្រុង៧០ ពណ៌ទឹកសមុទ្រ មិនមានស្លាកលេខជិះគ្នា២នាក់បើកក្នុងទិសដៅស្របគ្នាជាន់ហ្វ្រ័ងមិនទាន់ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

    បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ នេះមក សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់គោលដៅ ហើយបានឃាត់ខ្លួនអ្នកបើកបររថយន្តនាំយកទៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីដោះស្រាយបន្តតាមច្បាប់។

    ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖ សុថាន


ចែករំលែក៖