ខេត្តកែប ៖ កាលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៧និង៣០នាទីយប់ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់បានចុះទៅដល់កន្លែងកើតហេតុនៅចំណុចទល់មុខផែចាស់លើកំណាត់ផ្លូវខេត្តលេខ៣៣A ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ករណីប៉ុនប៉ងមនុស្សឃាតដោយចេតនាមានស្ថានទម្ងន់ទោស។
ជនសង្ស័យឈ្មោះ ម៉ៅ ពិសី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលាងម៉ូតូ រស់នៅភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានជិះម៉ូតូតាមពីក្រោយរួចដកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះជាគូកំណាន់ចិត្តឈ្មោះ ខៀវ ផាន់ណា ភេទស្រី អាយ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
ក្រោយកើតហេតុជនសង្ស័យបានជិះម៉ូតូចូលមកស្នងការដ្ឋាននគរបាលខេត្តកែបដោយខ្លួនឯងដើម្បីសារភាពជូនសមត្ថកិច្ចថា នៅថ្ងៃទី០១ខែសីហាឆ្នាំ២០២៣ វេលាម៉ោង១រសៀល ខ្លួនបានជិះម៉ូតូចេញពីផ្ទះម្នាក់ឯងមកដល់ផ្សារបឹងត្របែកក៏ចូលទិញកូនកាំបិតមុខស្រួចមួយដើមក្នុងគោលបំណងយកមកចាក់គូកំណាន់ចិត្ត ឱ្យស្លាប់។ ពេលទិញរួចខ្លួនក៏បើកម៉ូតូមកដល់ក្រុងកែបនៅវេលាម៉ោងជាង៥ល្ងាច ហើយក៏ចូលផឹកកាហ្វេនៅស្ថានីយប្រេងសាំងតូតាល់ ទល់មុខមន្ទីរពេទ្យបង្អែកខេត្តកែប រហូតដល់ម៉ោង៦ជាងល្ងាច ខ្លួនក៏បានបើកម៉ូតូចេញទៅឃ្លាំមើលគូកំណាន់ចិត្តចេញពីផ្ទះ។
ផ្ទះរបស់នាងនៅពីខាងកើតសាលាសង្កាត់កែប ចម្ងាយប្រហែល៥០ម៉ែត្រ ដោយអង្គុយចាំរហូតដល់ម៉ោង៧និង២០នាទីយប់ ខ្លួនក៏បានឃើញគូកំណាន់ចិត្តជិះម៉ូតូចេញពីផ្ទះម្នាក់ឯង ខ្លួនក៏បានបើកម៉ូតូតាមពីក្រោយ រហូតដល់ចំណុចកើតហេតុខាងលើក៏ដកកូនកាំបិតមុខស្រួចចាក់ត្រូវ ចំពីក្រោយខាងឆ្វេង១កាំបិតបណ្ដាលឱ្យរងរបួសធ្ងន់។
ជនរងគ្រោះខាងលើត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពត និងដោយស្ថានភាពរបួសធ្ងន់ក៏បន្តបញ្ជូនមកសង្គ្រោះដល់ទីក្រុងភ្នំពេញ។ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចខេត្តកែបឃាត់ខ្លួនជាបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕
ដោយ៖ សូរិយា