ព័ត៌មានទាន់ហេតុការណ៍៖

អ្វីទៅជាគមនាគមន៍ឥតប្រើប្រាស់ខ្សែ?

ចែករំលែក៖

ភ្នំពេញ ៖ គមនាគមន៍ឥតប្រើប្រាស់ខ្សែ ឬ Wireless Communication គឺជាបច្ចេកវិទ្យាមួយដែលកំពុងរីកចម្រើនយ៉ាងលឿន និងមានប្រជាប្រិយភាពដ៏រស់រវើកបំផុតនាពេលបច្ចុប្បន្ននេះ នៅក្នុងវិស័យទូរគមនាគមន៍។ នេះជាបញ្ជាក់ពី លោក អុឹម វុត្ថា ទីប្រឹក្សា ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ នៅព្រលប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។ 

លោកបន្តថា , គមនាគមន៍ឥតប្រើប្រាស់ខ្សែ គឺជាវិធីសាស្រ្តនៃការបញ្ជូនព័ត៌មាន (សំឡេង រូបភាព វីឌីអូនិងទិន្នន័យ) ពីទីតាំងមួយ ទៅទីតាំងដទៃទៀត ដោយមិនមានប្រើប្រាស់ការតភ្ជាប់ដោយខ្សែកាប្លិ៍ (ខ្សែកាប្លិ៍ទង់ដែង ឬខ្សែកាប្លិ៍ចម្លងដទៃទៀត ឬខ្សែកាប្លិ៍អុបទិក)ឬមធ្យោបាយ   រូបសាស្រ្តដទៃឡើយ។

 ជាទូទៅ នៅក្នុងប្រព័ន្ធទូរគមនាគមន៍, ព័ត៌មាន ត្រូវបានបញ្ជូនចេញពីឧបករណ៍បញ្ជូន (Tx) មួយ ទៅកាន់ឧបករណ៍ទទួល (Rx) មួយទៀត ដែលវាស្ថិតនៅលើថេរចម្ងាយមានកម្រិតមួយ។

ជាមួយនឹងជំនួយនៃបច្ចេកវិទ្យាគមនាគមន៍ឥតប្រើប្រាស់ខ្សែ ឧបករណ៍បញ្ជូន និងឧបករណ៍ទទួល អាចតាំងស្ថិតនៅឆ្ងាយពីគ្នា ក្នុងរយៈចម្ងាយមួយកំណត់ អាច ១ម៉ែត្រ ឬ ២ម៉ែត្រ ពីគ្នា (ដូចជា ឧបករណ៍បញ្ជាទូរទស្សន៍) ឬឆ្ងាយជាងនេះ រហូតដល់រាប់គីឡូម៉ែត្រនិងរាប់ពាន់គីឡូម៉ែត្រ ពីគ្នា (ដូចជា៖ គមនាគមន៍វិទ្យុម៉ៃក្រូវ៉េវ គមនាគមន៍ផ្កាយរណប)។

យើងទាំងអស់គ្នា រស់នៅក្នុងពិភពនៃទូរគមនាគមន៍ និងគមនាគមន៍ឥតប្រើប្រាស់ខ្សែ ជាពិសេស វាគឺជាផ្នែកគន្លឹះមួយនៃកាបម្រើឱ្យជីវិតរស់នៅរបស់យើងទាំងអស់គ្នា។នាខណៈនេះ។

ប្រព័ន្ធគមនាគមន៍ឥតប្រើប្រាស់ខ្សែជារួម ដែលបាននិងកំពុងប្រើប្រាស់ នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា   រួមមាន៖ ទូរស័ព្ទចល័ត ឧបករណ៍ទទួល GPS ឧបករណ៍កុងត្រូលបញ្ជា សំឡេងតាមប្លូធូ និង WiFi ។ល។

ប្រព័ន្ធទូរគមនាគមន៍ អាចជាប្រព័ន្ធគមនាគមន៍ប្រើប្រាស់ខ្សែ ឬប្រព័ន្ធគមនាគមន៍ឥតប្រើប្រាស់ខ្សែ ដែលជាមធ្យោបាយបញ្ជូនព័ត៌មាន ដែលប្រើប្រាស់សម្រាប់ទំនាក់ទំនងគ្នា អាចជាអ្វីតាមរយៈខ្សែ (Guided)ឬអាចជាអ្វីតាមរយៈឥតមានខ្សែ (Unguided)។ 

នៅក្នុងប្រព័ន្ធគមនាគមន៍ប្រើប្រាស់ខ្សែ ឬ Wired Communication មធ្យោបាយបញ្ជូន គឺជាគន្លងរូបសាស្រ្តមួយប្រភេទ ដូចជា ខ្សែកាប្លិ៍កូអាក់ស្យាល់ ខ្សែកាប្លិ៍គូរ និងបណ្តាញខ្សែកាប្លិ៍អុបទិក ។ល។ (ដែលហៅថា មធ្យោបាយបញ្ជូនតាមរយៈខ្សែ ឬ Guided Medium) ដែលនាំស៊ីញ៉ាល់ បញ្ជូនចេញពីចំណុចឬទីតាំងមួយ ទៅចំណុចឬទីតាំងមួយទៀត។

ផ្ទុយទៅវិញ ប្រព័ន្ធគមនាគមន៍ឥតប្រើប្រាស់ខ្សែ ឬ Wireless Communication មធ្យោបាយបញ្ជូន គឺមិនត្រូវការមធ្យោបាយរូបសាស្រ្តមួយណាឡើយ ប៉ុន្តែការបញ្ជូន      ស៊ីញ៉ាល់ គឺអនុវត្តតាមរយៈលំហរអាកាស។

នៅក្នុង លំហរអាកាស អនុញ្ញាតឱ្យត្រឹមតែ សម្រាប់ការបញ្ជូនស៊ីញ៉ាល់ ដោយគ្មានខ្សែចម្លងណាឡើយ ។ មធ្យោបាយបញ្ជូន ដែលបានប្រើប្រាស់នៅក្នុងគមនាគមន៍ឥតប្រើប្រាស់ខ្សែ គឺហៅថា មធ្យោបាយបញ្ជូនឥតតាមរយៈខ្សែ ឬ Unguided Medium ។

បើសិន គ្មានមធ្យោបាយបញ្ជូនរូបសាស្រ្ត ឬ No Physical Medium នោះសំណួរយើងសួរថា តើគមនាគមន៍ឥតប្រើប្រាស់ខ្សែ អាចបញ្ជូនស៊ីញ៉ាល់ពីចំណុចមួយ ទៅចំណុចមួយទៀតបានយ៉ាងដូចម្តេចទៅ ?

ទោះបី តាមរយៈហ្នឹង មិនមានការប្រើប្រាស់ខ្សែកាប្លិ៍​​ នៅក្នុងគមនាគមន៍ឥតប្រើប្រាស់ខ្សែក៏ដោយ ក៏ការបញ្ជូន និងការទទួលស៊ីញ៉ាល់ ពីកន្លែងមួយទៅកន្លែងមួយទៀត ត្រូវបានធ្វើឱ្យសម្រេចជាមួយ <<អង់តែន ឬ Antennas>> ?

តើអង់តែន គឺជាអ្វី? អង់តែន សំដៅដល់ឧបករណ៍អគ្គិសនី ដែលធ្វើការបំប្លែង <ស៊ីញ៉ាល់អគ្គិសនី> ទៅជា <<ស៊ីញ៉ាល់វិទ្យុ>> នៅក្នុងទម្រង់ <<រលកអេឡិកត្រូម៉ាញ៉េទិក ឬ Electromagnetic Wave>> និងបំប្លែងត្រលប់មកជាស៊ីញ៉ាល់អគ្គិសនីវិញ។

រលកអេឡិកត្រូម៉ាញ៉េទិកទាំងនេះ ផ្សព្វផ្សាយឬបញ្ជូន តាមរយៈលំហរអាកាស ដូចនេះឧបករណ៍បញ្ជូន និងឧបករណ៍ទទួល ត្រូវមានអង់តែន។

រលកអេឡិកត្រូម៉ាញ៉េទិក ដឹកនាំឋាមពលអេឡិកត្រូម៉ាញ៉េទិក នៃដែនអេឡិកត្រូម៉ាញ៉េទិក តាមរយៈលំហរ អាកាស។ 

រលកអេឡិកត្រូម៉ាញ៉េទិក រាប់បញ្ជូលទាំងកាំរស្មីហ្គាម៉ា (y-Rays) កាំរស្មីអ៊ីច (X-Rays) កាំរស្មីអុលត្រាវីយ៉ូឡែត ពន្លឺអាចមើលឃើញ កាំរស្មីអ៊ីនហ្វ្រារែត កាំរស្មីម៉ៃក្រូវ៉េវ និងរលកអាកាសវិទ្យុ។

រលកអេឡិកត្រូម៉ាញ៉េទិក (ជានិច្ចជាកាល គឺជា រលកអាកាសវិទ្យ ឬ Radio Wave) ត្រូវបានប្រើប្រាស់ នៅក្នុងគមនាគមន៍ឥតប្រើប្រាស់ខ្សែ ដើម្បីដឹកនាំ ឬបញ្ជូនស៊ីញ៉ាល់។

រលកអេឡិកត្រូម៉ាញ៉េទិក មានទាំងដែនអេឡិកត្រិក និងទាំងដែនម៉ាញ៉េទិក នៅក្នុងទម្រង់ជា <<រលកស៊ីនុយសូអ៊ីត ប្រែប្រួលតាមពេលវេលា ឬ Time varying sinusoidal waves>>។

ដែនទាំងពីរ (ដែនអេឡិកត្រិក និង ដែនម៉ាញ៉េទិក ) បានយោលកាត់កែង ជាមួយគ្នា និងមានទិសដៅផ្សព្វផ្សាយឬបញ្ជូនរលកអេឡិកត្រូម៉ាញ៉េទិក ផ្ទុយគ្នានឹងកាត់កែង ទៅនឹងដែនទាំងពីរ។

ជាគណិតវិទ្យា រលកអេឡិកត្រូម៉ាញ៉េទិក អាចពិពណ៌នាដោយប្រើប្រាស់សមីការ Maxwell។

វត្តមានរូបភាពនៃរលកអេឡិកត្រូម៉ាញ៉េទិក បង្ហាញក្នុងរូបខាងក្រោម ដែលដែនអេឡិកត្រិកស្ថិតនៅលើអ័ក្ស Y រីឯដែនម៉ាញ៉េទិកស្ថិតនៅលើអ័ក្ស Z ហើយរលកអេឡិកត្រូម៉ាញ៉េទិក ស្ថិតនៅលើអ័ក្ស X៕

សូមរង់ចាំតាមដានភាគបន្ត………..

រៀបរៀងដោយ  អ៊ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ៕

ដោយ ៖ សហការី


ចែករំលែក៖