ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ មកដឹងលម្អិតពីនាយពែកមី រឿងប្រពន្ធចូលសង្គ្រោះបន្ទាន់៣ថ្ងៃហើយព្រោះតែមជ្ឈមណ្ឌលថែរក្សាសម្ផស្សS88 Beauty

ចែករំលែក៖

  ភ្នំពេញ៖ ក្លាយជាករណីផ្អើលកក្រើកខ្លាំងមុននេះបន្ទាប់ពីមន្ត្រីអាជ្ញាធរមូលដ្ឋានបានចុះទៅបិទហាងកែសម្ផស្សយីហោ  S88 Beauty នៅតំបន់ផ្សារធំថ្មីដែលរកឃើញថាមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងសុខាភិបាល  និងបានព្យាបាលអ្នកជំងឺឲ្យរងរបួសធ្ងន់ ហើយអ្នករងរបួសធ្ងន់ដល់ថ្នាក់សង្គ្រោះបន្ទាន់គឺជាប្រពន្ធតារាកំប្លែងល្បីឈ្មោះនាយពែកមីនោះតែម្តង។ នាយពែកមីបានបង្ហោះសារនៅលើបណ្តាញសង្គមមុននេះថា ប្រពន្ធរបស់លោកបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរយៈពេល៣ថ្ងៃហើយចាប់ពីថ្ងៃទី២ ខែសីហាឆ្នាំ ២០២៣មកដែលតាមសភាពនៃការបញ្ចេញវីដេអូគឺប្រពន្ធលោកមានសភាពធ្ងន់ធ្ងរមិនអាចក្រោកអង្គុយបាន គឺបានតែការបញ្ចេញសំឡេងខ្សាវៗបែបអស់កម្លាំងនោះ។

តារាកំប្លែងរូបនេះក៏បានទាំងស្នើឲ្យម្ចាស់គ្លីនិកខាងលើចេញមុខដោះស្រាយលើករណីនេះ ខណៈដែលលោកចោទសួររកម្ចាស់គ្លីនិកទាំង១៣សាខានៅភ្នំពេញនិងបណ្តាខេត្តផ្សេងៗផងដែរ។ ទោះជាយ៉ាងណាតាមការបញ្ជាក់បន្ថែមរបស់តារាកំប្លែងរូបនេះបានលើកឡើងតាមការផ្តល់បទសម្ភាសន៍ថា ប្រពន្ធលោកពិតជាចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតពិតមែនក្រោយពីបានទៅព្យូសេរ៉ូមឲ្យសាច់ស្អាតនៅថ្ងៃទី០២ ខែសីហាឆ្នាំ ២០២៣ លោកបានលើកឡើងថា ការដែលគ្មានអាជ្ញាប័ណ្ណក្នុងការបើកដំណើរការហេតុអ្វីបានជាបើកដំណើរការរហូតដល់១៣ សាខា ហើយរហូតមកដល់ពេលនេះម្ចាស់គ្លីនិកនេះនៅមិនទាន់បានចេញមុខមកដោះស្រាយបញ្ហានេះជាមួយលោកនៅឡើយ។ លោកថាវេលាម៉ោង១រសៀលថ្ងៃនោះប្រពន្ធរបស់លោកបានធ្វើដំណើរទៅម៉ាស្សាមុខនៅទីនោះ ទាំងសុខភាពល្អធម្មតានិងបានសាកសួរពីសេវាកម្មនៅទីនោះហើយក៏ចាប់អារម្មណ៍នឹងសេវាកម្មព្យួរសេរ៉ូមនៅពេលនោះដែលបានត្រឹមតែពាក់កណ្តាលក៏មានអារម្មណ៍ថាធ្វើទុកថប់ដង្ហើប ដកដង្ហើមមិនដល់គ្នា និងវិលមុខ ប៉ុន្តែអ្នកដាក់សេរ៉ូមនៅគ្លីនិកនេះបន្តដាក់រហូតដល់អស់ព្រោះតែសង្ស័យថាប្រពន្ធលោកមករដូវ ប៉ុន្តែក្រោយពីដាក់អស់ហើយធ្វើដំណើរមកដល់ពាក់កណ្តាលផ្លូវក៏រាកនិងក្អួត ងងឹតមុខ ស្រវាំងភ្នែក ហើយបានខលទៅកាន់គ្លីនិកប៉ុន្តែគ្មានអ្នកលើករហូតប្រពន្ធលោកត្រឡប់មកដល់ផ្ទះបន្តអាការៈបែបនេះ រហូតសន្លប់បាត់ស្មារតីនិងត្រូវបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យក្បែរផ្ទះប៉ុន្តែគេមិនទទួលក្រោយពីបានឃើញវិក័យប័ត្រទូរទាត់ប្រាក់ និងទទួលសេវាកម្មនៅគ្លីនិកខាងលើកទើបគ្រូពេទ្យឲ្យបញ្ជូនមកពេទ្យធំតែម្តងដែលសង្ស័យថាអាចជាការប្រតិកម្មនឹងសេរ៉ូមខាងលើ។ លោកថាភរិយារបស់លោកនៅតែស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់នៅឡើយបើទោះបីជាសម្រាកនៅមន្ទីរពេទ្យរយៈពេល៣ថ្ងៃមកហើយក្តី។លោកស្នើឲ្យម្ចាស់គ្លីនិកដែលគេស្គាល់មុខហើយ និងតែងតែលេចមុខសម្ពោធនៅគ្រប់សាខានោះចេញមុខមកទទួលខុសត្រូវលើករណីនេះតាមផ្លូវច្បាប់ ដែលមុននេះទាក់ទងគ្នាបានហើយក្រោយមកក៏ខលលែងលើកនោះ។ លោកខ្លោចចិត្តអាណិតប្រពន្ធ និងកូនដែលសួររកតែម្តាយ។ ជាមួយគ្នានេះលោកក៏ស្នើឲ្យអ្នកដែលទៅទទួលសេវាកម្មផ្សេងៗសូមប្រុងប្រយ័ត្ន ចំពោះករណីនេះ។ ទោះជាយ៉ាងណាលោកជឿជាក់លើសមត្ថកិច្ចក្នុងចំណាត់ការតាមផ្លូវច្បាប់ចំពោះករណីនេះ។ គេនៅរង់ចាំតាមដានបន្តទៀតថាតើករណីនេះនឹងទៅជាយ៉ាងណា ហើយម្ចាស់ហាងខាងលើគឺជាអ្នកណាឲ្យពិតប្រាកដដែលបើកបម្រើសេវាកម្មដោយគ្មានអាជ្ញាប័ណ្ណនោះ។ 

  គួរបញ្ជាក់ដែរថា ហាងកែសម្ផស្សដែលត្រូវបិទនេះស្ថិតនៅផ្ទះលេខ១១០E0 តាមបណ្តោយផ្លូវលេខ៥៣  សង្កាត់ផ្សារថ្មី៣  ខណ្ឌដូនពេញ  ។ យោងទៅតាមកំណត់ហេតុនៃការបិទទីតាំងគឺចាប់ពីថ្ងៃទី០៣ ខែសីហាឆ្នាំ ២០២៣បានបិទជាបណ្តោះអាសន្ននៃហាងនេះត្រូវបានធ្វើឡើងដោយមានមន្ត្រីមូលដ្ឋានចូលរួម ដោយក្នុងកំណត់ហេតុនោះបានបញ្ជាក់ថាទីតាំងហាងខាងលើនេះមិនមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជនរងគ្រោះដែលដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖