ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ចាត់វិធានការចំពោះម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ពស្ស​ អេស​ប៉ែតសិបប្រាំបី​ ប៊ីយូធី​ (S88 BEAUTY) ខណៈលួចបើកអាជីវកម្មអត់ច្បាប់ទាំងអស់

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា កន្លងមក ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចឱ្យបើកមជ្ឈមណ្ឌលថែរក្សាសម្ផស្ស អេសប៉ែតសិបប្រាំបី ប៊ីយូធី (S88 BEAUTY) តែមួយគត់ ស្របតាមបែបបទ និងលក្ខខណ្ឌក្នុងការសុំបើក ឬបិទ ឬប្តូរទីតាំង នៃមជ្ឈមណ្ឌលថែរក្សាសម្ផស្ស គឺមជ្ឈមណ្ឌល ថែរក្សាសម្ផស្ស អេសប៉ែតសិបប្រាំបី ប៊ីយូធី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ A៣៧ ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប៉ុន្តែម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សនេះ មិនបានគោរពត្រឹមត្រូវតាមលក្ខខណ្ឌ បច្ចេកទេស ហើយបានរំលោភប្រកាសលេខ ០០៨ អបស.មព ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១០ របស់ក្រសួងសុខាភិបាល ស្ដីពី បែបបទ និងលក្ខខណ្ឌបច្ចេកទេសក្នុងការសុំបើក ឬបិទ ឬប្តូរទីតាំង នៃមជ្ឈមណ្ឌលកែសម្ពស្ស និងមជ្ឈមណ្ឌលថែរក្សាសម្ពស្ស ដោយបានលួចបើកសាខាមជ្ឈមណ្ឌលថែរក្សាសម្ផស្សជាច្រើនកន្លែងផ្សេងទៀត ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ដោយពិនិត្យឃើញថា មជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 Beauty ស្ថិតនៅផ្ទះលេខ ១១០ ផ្លូវលេខ៥៣ ភូមិ៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបើកដោយគ្មានច្បាប់អនុញ្ញាត និងបានផ្តល់សេវាថែរក្សាសម្ផស្សមិនស្របតាមលក្ខខណ្ឌ បច្ចេកទេស ដោយបានធ្វើការផ្តល់សេវាកម្មដាក់សេរ៉ូមឱ្យសាច់ស បណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អតិថិជន និងបានបញ្ចូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ ក្រសួងសុខាភិបាលបានធ្វើការស្រាវជ្រាវ និងកំពុងចាត់វិធានការជាបន្តបន្ទាប់ ដូចខាងក្រោម៖

បានចេញសេចក្តីសម្រេចលេខ ៨៧៣០ អបស/ឱអបស ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ដើម្បីបិទ និងដកហូត សេចក្តីសម្រេចឱ្យបើកមជ្ឈមណ្ឌលថែរក្សាសម្ផស្ស អេសប៉ែតសិបប្រាំបី ប៊ីយូធី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ A៣៧ ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយម្ចាស់មជ្ឈមណ្ឌលថែរក្សា សម្ផស្សនេះ បានបើកសាខាមជ្ឈមណ្ឌលថែរក្សាសម្ផស្សជាច្រើនទីតាំងទៀតគ្មានច្បាប់អនុញ្ញាត។ សហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ចុះបិទទីតាំងសាខាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 Beauty បានចំនួន ១១ទីតាំង៖

× S88 Beauty ស្ថិតនៅផ្ទះលេខ ១១០ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

× S88 Beauty ស្ថិតនៅផ្ទះលេខ A៣៧ ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ 

× S88 Beauty ស្ថិតនៅផ្ទះលេខ ១២៩B ផ្លូវលេខ ៤៤០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ

× S88 Beauty នៅផ្ទះគ្មានលេខ ផ្លូវលេខ ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ

♦ S88 Beauty ស្ថិតនៅផ្ទះលេខ ៣០C ផ្លូវលេខ ១៤៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

× S88 Beauty ស្ថិតនៅផ្ទះលេខ ១៩A ផ្លូវលេខ១១ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ

× S88 Beauty ១ទីតាំងនៅខេត្តព្រះសីហនុ × S88 Beauty ១ទីតាំងនៅខេត្តកំពត

♦ S88 Beauty ១ទីតាំងនៅខេត្តកំពង់ចាម

× S88 Beauty ១ទីតាំងនៅខេត្តសៀមរាប × S88 Beauty ១ទីតាំងនៅខេត្តបាត់ដំបង។

ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី-ខេត្ត កំពុងបន្តស្រាវជ្រាវរកទីតាំងដទៃទៀត ហើយនឹងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការស្របតាមច្បាប់ជាធរមាន។

ក្រសួងសុខាភិបាល សូមជម្រាបជូនថា ដើម្បីការពារសុខុមាលភាពប្រជាជនពីគ្រោះថ្នាក់នានាក្នុងការទទួលសវាកម្ម កែសម្ផស្ស និងថែរក្សាសម្ផស្ស ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានលេខ ៥៧៣ អបស/ឱអបស ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដែលណែនាំឱ្យម្ចាស់សេវាកម្មកែសម្ផស្ស និងថែរក្សាសម្ផស្សទាំងអស់ត្រូវមកសុំច្បាប់អនុញ្ញាតពីក្រសួង សុខាភិបាល ដោយគោរពតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ និងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដើម្បីរក្សានូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៃការផ្តល់សេវាសុខភាព៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖