ខេត្តកំពង់ចាម ៖ ប្រភពព័ត៌មានដែលផ្សព្វផ្សាយដោយមន្ទីរព័ត៌មានខេត្តកំពង់ចាមឲ្យដឹងថា នៅថ្ងៃទី ៦ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៣០នាទី មានករណីក្របីផ្អើលរត់ជាន់គ្នាលង់ទឹកងាប់ចំនួន ១៧ក្បាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ប្រភពព័ត៌មានបានឲ្យដឹងថា ប្រជាពលរដ្ឋជាម្ចាស់ក្របីបានលែងក្របីជាហ្វូងដើម្បីស៊ីស្មៅនៅចំណុច អ្នកតាប៉ោ ស្រុកកងមាស ប៉ុន្តែដោយសារប៉ុន្មានថ្ងៃនេះទឹកទន្លេចាប់ផ្តើមឡើងខ្លាំងធ្វើឱ្យលិចតំបន់នោះ។ ហេតុនេះម្ចាស់បាននាំគ្នាដេញក្របីឆ្លងទឹកព្រែកកំពង់រាំង មកទីទួលនៅភូមិចាំនាង និងភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ដែលមានព្រំប្រទល់ជាប់គ្នាវិញ។
មូលហេតុដែលបណ្តាលឱ្យក្របីងាប់ដោយសារតែការឆ្លងមកពីត្រើយម្ខាងទៅត្រើយម្ខាងទៀត មានចម្ងាយឆ្ងាយ (មិនក្រោម៣គីឡូម៉ែត្រ) ធ្វើឱ្យក្របីអស់កម្លាំងហែលទឹក និងម្យ៉ាងវិញទៀតម្ចាស់ក្របីបានប្រើទូកជ័រជាច្រើនគ្រឿងសម្រាប់កៀងក្របី ហើយទូកនោះមានរចនារូបភ្នែក (មើលទៅដូចរូបសត្វក្រពើ) ដែលធ្វើឱ្យក្របីផ្អើល លង់ទឹកងាប់តែម្តងទៅ។
ចំពោះក្របីដែលងាប់ទាំងអស់មានចំនួន ១៧ក្បាល ក្នុងនោះ២ក្បាលជារបស់ប្រជាពលរដ្ឋរស់នៅភូមិចាំនាង និង១៥ក្បាលទៀតជារបស់ប្រជាពលរដ្ឋរស់នៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម៕
ដោយ៖ សូរិយា