ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវអំណរសាទរប្រកបដោយក្តីរំភើបឥតឧបមាគោរពជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនជាប់ឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ នាឱកាសដែលឯកឧត្តមត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣នេះ។
ការទទួលបានការចាត់តាំងនេះពិតជាស័ក្តិសមបំផុតចំពោះឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងស្របតាមនីតិវិធីច្បាប់ជាធរមាន និងឆន្ទៈប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រជាបេក្ខជននាយករដ្ឋមន្ត្រី ក្នុងអត្រាជាង ៨២% និងសម្រាប់ ព្រះរាជាណាចក្រកម្ពុជាដែលមានឥស្សរជនវ័យក្មេងសម្រាប់បន្តវេនជាថ្នាក់ដឹកនាំ និងជាបញ្ញវន្តខ្មែរដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ទេពកោសល្យ គុណធម៌ សីលធម៌ សុជីវធម៌ល្អ និងតែងតម្កល់ផលប្រយោជន៍ជាតិជាធំ ដែលតាមរយៈនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីគុណវឌ្ឍដ៏ល្អប្រសើរនៃភាពជាអ្នកដឹកនាំជាន់ខ្ពស់ប្រកបដោយភាពឈ្លាសវៃ និងអាចបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្នុងបុព្វហេតុការពារជាតិមាតុភូមិ ប្រជាពលរដ្ឋ ការពាររដ្ឋធម្មនុញ្ញ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាពនយោបាយ លើកកម្ពស់កិត្យានុភាពជាតិក្នុងក្របខ័ណ្ឌតំបន់និងសាកលលោក ធានានូវធុរកិច្ចក្រោមដំបូលនៃសន្តិភាព និងធានាការអភិវឌ្ឍលើគ្រប់វិស័យ ស្របតាមគោលនយោបាយ កម្មវិធីនយោបាយ និង“យុទ្ធសាស្ត្របញ្ចកោណឆ្នាំ២០២៣- ២០២៨ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ យ៉ាងពិតប្រាកដ”។
យើងខ្ញុំទាំងអស់គ្នាពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនឯកឧត្តម បណ្ឌិតហ៊ុន មា៉ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រលាញ់ ៕
ដោយ ៖ សំរិត