ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ រដ្ឋសភា សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកកម្ពុជា
បពិត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ជាបឋម ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវសេចក្ដីអំណរព្រះគុណជាអនេកប្បការ និងដ៏ស្មោះស្ម័គ្របំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជក្រឹត្យចាត់តាំងទូលព្រះបង្គំជាខ្ញុំ ជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ។ នេះ គឺជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងជីវិត របស់ទូលព្រះបង្គំជាខ្ញុំ ដោយទទួលបានឱកាសដ៏វិសេសវិសាលក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាទីស្នេហាដ៏ជ្រាលជ្រៅបំផុត នៅក្នុងមុខតំណែងដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ។
តបនឹងព្រះរាជក្រឹត្យដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទូលព្រះបង្គំជាខ្ញុំ នឹងរៀបចំសមាសភាពរាជរដ្ឋាភិបាល ដើម្បីសុំការផ្តល់សេចក្តីអនុម័តទុកចិត្តពីរដ្ឋសភាដ៏ឧត្ដុង្គឧត្តម ដែលគ្រោង នឹងបើកសម័យប្រជុំនាពេលដ៏ខ្លីខាងមុខ ដោយអនុវត្តទៅតាមនីតិវិធីជាធរមានស្របតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
ជាមួយនឹងព្រះរាជហឫទ័យជឿទុកចិត្តពីសំណាក់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានព្រះរាជទានដល់ទូលព្រះបង្គំជាខ្ញុំនាឱកាសដ៏ថ្លៃថ្លានេះ និងជាមួយ ជំនឿទុកចិត្តពីសំណាក់ជនរួមជាតិជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ទូលព្រះបង្គំជាខ្ញុំ រួមជាមួយឥស្សរជន ទាំងអស់ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សូមប្តេជ្ញាខិតខំបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ប្រកបដោយវីរភាព, សេចក្តីស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពិសេស ការបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី, ការធានាការពារជាដាច់ខាត់នូវ រាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា, ការបន្តធានាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ, ការបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន និងការបន្តលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក៏ដូចជាការបន្តលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
ទូលព្រះបង្គំជាខ្ញុំ សូមថ្វាយព្រះពរ ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយ ព្រះវស្សា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនាដល់មាតុភូមិកម្ពុជា និងប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាយូរអង្វែងតរៀងទៅ។
សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវ ភក្ដីភាពដ៏ស្មោះស្ម័គ្របំផុត កតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត និងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ៕
ដោយ ៖ សិលា