អតីតខ្សែបម្រើក្រុម Barcelona កីឡាករ Andres Iniesta បានចុះហត្ថលេខាជាមួយក្លិបនៅ Emirates Pro League របស់លីកកំពូលអារ៉ាប់រួម (United Arab Emirates-UAE) ។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានចាកចេញពីក្លិបជប៉ុន Vissel Kobe នៅពាក់កណ្តាលរដូវកាលនៃក្របខ័ណ្ឌ J-League កាលពីថ្ងៃទី១ខែកក្កដា ឆ្នាំ២០២៣។ កីឡាករវ័៣៩ឆ្នាំរូបនេះបានបង្ហាញខ្លួន១៣៤ប្រកួតឱ្យក្លិបជប៉ុន ដោយឈ្នះពានរង្វាន់ក្នុងស្រុក Emperor’s Cup កាលពីឆ្នាំ២០១៩ និង Japanese Super Cup នៅឆ្នាំបន្ទាប់។
Emirates Club ដែលបានឈ្នះការឡើងទៅកាន់លីកកំពូលរបស់ UAE កាលពីរដូវកាលមុន បានបង្ហោះថា “ស្វាគមន៍ Iniesta” នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន។ ក្លិបថ្មីរបស់គាត់ Emirates Club នឹងចាប់ផ្តើមយុទ្ធនាការរដូវកាលថ្មីរបស់ដោយត្រូវប្រកួតជាមួយក្រុម Al-Wasl នៅថ្ងៃទី១៩ ខែសីហាខាងមុខនេះ។
Iniesta បានផ្លាស់ទៅប្រទេសជប៉ុនបន្ទាប់ពីអាជីពរយៈពេល២២ឆ្នាំនៅ Barcelona ជាកន្លែងដែលគាត់បានជួយក្រុមឈ្នះពានរង្វាន់ចំនួន៣២ និងបានបង្ហាញខ្លួន៦៧៤លើក។
ជាមួយគ្នានេះគាត់បានបង្ហាញខ្លួន១៣៣ប្រកួតជាមួយអេស្ប៉ាញ និងបានជួយក្រុមជម្រើសជាតិឱ្យឈ្នះពានរង្វាន់ពិភពលោកឆ្នាំ២០១០ និងជើងឯកទ្វីបអឺរ៉ុបក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១៣ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)