ភ្នំពេញ៖ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ថែរក្សាដើមឈើ អោយបានគង់វង្សនិង ធ្វើរបាយការណ៍៣ខែម្តងមករដ្ឋបាលរាជធានីភ្នំពេញ ជុំវិញការវិឌ្ឍន៍ នៃការដាំដើមឈើនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាអោយដើមនៅអាចរស់ នៅដោយភាពគង់វង្សនិងរក្សាបានជាទីក្រុងមានពណ៌បៃតង។
ការជំរុញ បែបនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងពិធីដាំ និងចែកកូនឈើ ជាង២០០០ដើម ដើម្បីអបអរសាទរ “រុក្ខាទិវា”០៩ កក្កដា ឆ្នាំ២០២៣ នៅក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជ្រឹង សង្កាត់បឹងធំ ខណ្ឌកំបូល។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ពិធីដាំ និងចែកកូនឈើ ជាង២០០០ដើម ដើម្បីអបអរសាទរ “រុក្ខាទិវា” ០៩ កក្កដា នេះធ្វើឡើងដើម្បីបង្ហាញពីស្មារតីយកចិត្តទុកដាក់ ក្នុងការថែរក្សាព្រៃឈើ ធ្វើឲ្យ ភ្នំពេញមានមានពណ៌បៃតងស្រស់ស្អាត និងដើម្បីទាក់ទាញភ្លៀវទេសចរណ៏ ជាតិ អន្ដរជាតិ ចូលមកទស្សនាកម្ពុជា កាន់តែច្រើនបន្ថែមទៀត។
លោកបន្តថា ព្រៃឈើមានអត្តប្រយោជន៍ច្រើនណាស់ ដូចជាផ្តល់ជាជម្រកសត្វព្រៃ ផ្តល់អ៊ុកស៊ីសែន និងការទប់ទល់ការប្រែប្រួលអាកាសធាតុជាដើម។ ព្រៃឈើមានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះយើងត្រូវថែទាំនិងរក្សាព្រៃឈើអោយបានគង់វង្សទាំងអស់គ្នា។
លោកឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា ពិធីដាំ និងចែកកូនឈើ ដើម្បីអបអរសាទរ “រុក្ខាទិវា” ០៩ កក្កដា ឆ្នាំ២០២៣ នៅក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជ្រឹង សង្កាត់បឹងធំខណ្ឌកំបូលនេះមានជាង២០០០ ដើម ដោយ២៣០ដើមចែកនៅតាមវត្តអារាម និងសាលារៀន និងចំនួន៩០០ ដើមផ្សេង ទៀត សម្រាប់ចែកនៅទូទាំង ១៤ខណ្ឌនិងសម្រាប់បងប្អូនប្រជាពលរដ្ឋ៥០០ដើមផ្សេងទៀតផងដែរ ។ ជាមួយនេះយើងក៏បានត្រៀមកូនឈើគ្រប់ប្រភេទចំនួន ៣៥០០០ ដើមទៀត សម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំនៅតាមដងផ្លូវសាធារ ណៈ។
លោក ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានជំរុញ អាជ្ញាធរខណ្ឌទាំងអស់លើកទឹកចិត្តអោយប្រជាពលរដ្ឋចូលរួមដាំដើមឈើ យ៉ាងហោចណាស់ក្នុងមួយ ខណ្ឌយ៉ាងតិច ២០០ដើម។
បន្ថែមពីលើនេះលោក ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ថែរក្សាដើមឈើអោយបានគង់វង្ស ដោយក្រោយការដាំ ត្រូវធ្វើរបាយការណ៍ ៣ខែម្តង មករដ្ឋបាលរាជធានីភ្នំពេញ ជុំវិញការដាំដើមឈើ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យ បានដឹងថា ដើមឈើរស់ឬងាប់ ងាយស្រួលយើងបានដាំបន្ថែម ធ្វើយ៉ាងណាអោយរាជធានីភ្នំពេញជាទីក្រុងរក្សាមានភាពបៃតង ស្រស់ស្អាត៕
ដោយ ៖ សំរិត