ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល៧ខែ៖​ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ២៧ពាន់លានដុល្លារ ធ្លាក់ចុះជាង១៥%

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញ​ថា​ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ២៧ពាន់លានដុល្លារ ធ្លាក់ចុះជាង១៥%​ ក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ។ 

របាយការណ៍ដដែល​​ បានគូសបញ្ជាក់ថា​ ​​ចាប់ខែមករា ដល់ខែកក្កដាឆ្នាំ២០២៣ ​កម្ពុជានាំចេញទំនិញ​ក្នុងតម្លៃជាង១៣ពាន់លានដុល្លារ ថយចុះ១.៨% និងនាំចូលមកវិញក្នុងតម្លៃប្រហាក់ប្រហែលគ្នា ពោលមានជាង ១៤ពាន់លានដុល្លារ ថយចុះ ២៥.៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

​ប្រទេស​ដែលសម្រេច បានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ គឺប្រទេសចិន ដែលមានជាង ៧ពាន់លានដុល្លារ កើនឡើង១.៨% ដោយកម្ពុជានាំចេញទៅប្រទេសនេះ មានតម្លៃជាង ​៨១៤លានដុល្លារ ​កើនឡើង១៦.២% និងនាំចូលមកវិញក្នុងតម្លៃជាង ៧ពាន់លានដុល្លារកើនឡើង០.១%។

សូមជម្រាបថា​ សហរដ្ឋអាមេរិក ដែលស្ថិតក្នុងលេខរៀងទី២ សម្រេចបាននូវទំហំពាណិជ្ជកម្មជាង ៥.៣ពាន់លានដុល្លារ ថយចុះ៩.៧% ដោយកម្ពុជានាំចេញទៅប្រទេសនេះ មានតម្លៃជាង​ ៥.១ពាន់លានដុល្លារ ​​ថយចុះ៩.១% និងនាំចូលមកវិញក្នុងតម្លៃជាង ​​១៤១លានដុល្លារ ថយចុះ២៨%។

ចំណែក​ការធ្វើពាណិជ្ជកម្មជាមួយវៀតណាម សម្រេចបានជាង ៣.៧ពាន់លានដុល្លារ ថយ១%។ ក្នុងនោះកម្ពុជា នាំចេញទៅវៀតណាមក្នុងតម្លៃ ១.៥ពានលានដុល្លារ កើនឡើង ២០.៦% និងនាំចូលមកវិញក្នុងតម្លៃជាង ២.១ពាន់លានដុល្លារ ​ថយចុះ១២.៨%។​

គួរបញ្ជាក់ថា​ កម្ពុជា​ ក្នុងរយៈពេល៧ខែនេះ បាននាំចេញ សម្លៀកបំពាក់ក្នុងតម្លៃ ៤.៤ពាន់លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីជាង ១.៨ពាន់លានដុល្លារ,គ្រឿងសង្ហារឹម ៥២៣លានដុល្លារ ,ធញ្ញជាតិជាង ៩១០លានដុល្លារ និងស្បែកជើងជា ៨០៨លានដុល្លារ៕

ដោយ​៖ សហការី​


ចែករំលែក៖