ខេត្តកណ្ដាល៖ គួរឱ្យរន្ធត់ណាស់លោកអេីយ! ខណៈខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បានមកធ្វេីសកម្មភាពបាញ់សម្លាប់ប្ដីប្រពន្ធពីរនាក់ស្លាប់យ៉ាងអាណោចអាធ័ម នៅទីតាំងរោងចិញ្ចឹមទានៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង៣០នាទីទៀបភ្លឺថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្រោមផ្ទះរបស់ជនរងគ្រោះ ជាទីតាំងរោងចិញ្ចឹមទា ស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជនរងគ្រោះទាំងពីរនាក់ ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នោះ បុរសជាប្ដីឈ្មោះ ម៉ុច ម៉ៅ និងប្រពន្ធឈ្មោះ គល់ ហាន់។
បេីតាមការបញ្ជាក់ពីលោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្ដាល បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែសីហានេះថា៖ ពិតជាមានករណីឃាតកម្មបាញ់សម្លាប់ទាំងប្ដីនិងប្រពន្ធ ប្រាកដមែន។ លោកបន្តថា បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវទាក់ទិននិងករណីឃាតកម្មនេះដែរ។
គួរបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះ ក្រុមគ្រួសារជនរងគ្រោះ ក៏ត្រូវបានគេកាប់សុះសាច់ទាំងយប់ស្ទើរស្លាប់ នៅក្នុងទ្រង់ទា របស់ជនរងគ្រោះ ស្ថិតនៅភូមិ-ឃុំខាងលើ ដោយរហូតមកទល់ពេលនេះ ពុំទាន់រកមុខជនដៃដល់ មិនទាន់ឃើញនៅឡើយ ស្រាប់តែពេលនេះ ត្រូវខ្មាន់កាំភ្លើងមកបាញ់សម្លាប់បណ្ដាលឱ្យស្លាប់ទាំង២នាក់តែម្តង៕
សូមរង់ចាំព័ត៌មានលម្អិតនៅពេលក្រោយ៖
ដោយ៖ សហការី