ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី១៤ ខែសីហា ឆ្នាំ២០២៣នេះថា៖ កម្លាំងនគរបាលស្រុកសង្កែ បានចុះស្រាវជ្រាវអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនយុវជនម្នាក់ ក្នុងករណីលួចដោយមានស្ថានទម្ងន់ទោសនៅ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា អនុវត្តតាមយោបល់ដឹក នាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដា្ឋននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ នៅថ្ងៃចន្ទ ១៣រោចខែទុតិយាសាឍឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៨និង៣០នាទីព្រឹក នៅចំណុចភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានដឹកនាំកម្លាំងនគរបាលស្រុកអនុវត្តដីការបង្គាប់ឱ្យចាប់ខ្លួនលេខ៥៥៤ត.ព្រ/២៣ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ របស់លោក គា សីហា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ វុធ ជីវ័ន្ត ហៅ មាន់ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ជាប់ចោទពីបទ លួចដោយមានស្ថានទម្ងន់ទោស ប្រព្រឹត្តិនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។
គួរបញ្ជាក់ថាបច្ចុប្បន្នជនជាប់ចោទ ត្រូវបានកម្លាំងនគរបាលស្រុកកំពុងរៀបចំបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីហើយ៕
ដោយ ៖ អរុណរះ