ខេត្តបាត់ដំបង៖ យោងតាមមតិរួមរបស់ប្រជាពលរដ្ឋនាំគ្នាងើយឆ្ងល់ថា ហេតុអ្វីបានជាការអនុវត្តនីតិវិធីច្បាប់របស់មន្រ្តីនគរបាលយុត្តិធម៌មានភាពខុសៗគ្នា ខណៈបទល្មើសខ្លះមន្រ្តីជំនាញចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនក្រុមអ្នកញៀនល្បែងស៉ីសងខុសច្បាប់ មានទាំងវត្ថុតាងជាក់ស្ដែង បានត្រឹមយកសាកសួររួចក៏ណែនាំឱ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកអ្នកផ្សេងទៀតលេងត្រឹមល្បែង(បៀរ)តាមផ្ទះតិចតួចបែរជាចាប់ឃាត់ខ្លួនរួចបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់។
ជាក់ស្ដែងកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ជល់មាន់) ០១លើក នៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដោយឃាត់ខ្លួនមនុស្សចំនួន ៥នាក់ រួមនឹងវត្ថុតាងជាក់ស្ដែងផងដែរ។
មនុស្សចំនួន ០៥នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះទី ១.ឈ្មោះ សូត្រ សុខុន ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ,ទី២.ឈ្មោះ ហៀង ប៊ន ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិអន្លង់ល្វា ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។ ,ទី៣.ឈ្មោះ ហាន ធឿន ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ,ទី៤.ឈ្មោះ អ៊ឹម សុធី ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ,និងទី៥.ឈ្មោះ រឿម បូរិន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងដកហូតបានរួមមាន៖
-មាន់ឈ្មោលចំនួន ០៤ក្បាល
-កៅស៊ូហ៊ុមធ្វើសង្វៀន០១
-ជញ្ជីងថ្លឹងមាន់០១
-ឆ្នាំងដាំទឹកស្អំមាន់០១
-ចង្ក្រានហ្គាស០១
-ធុងជ័រដាក់ទឹក០១
-ស្គុតសម្រាប់រុំខ្នាយមាន់ ០២ដុំ
-ផ្តិលកាវ ០១
-ម៉ូតូចំនួន ០៨គ្រឿង
-ស្បែកជើង ០៩សំរាប់ ។
បេីតាមការបញ្ជាក់ពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្រោយពីកម្លាំងជំនាញឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ នាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក ត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ៕
ដោយ៖ សហការី