ព័ត៌មានទាន់ហេតុការណ៍៖

គួរគិតពី​អាយុ​ជីវិត​ខ្លួនផង! មនុស្ស​២​នាក់​រងរបួស​ ក្នុងករណីរថភ្លើង​របូត​ទូ​ស៊ីទែន​ដឹក​ប្រេង​បោក​ប៉ះគ្នា​រួច​ធ្លាក់​ពី​ផ្លូវ​ នៅខេត្ត​កែប​

ចែករំលែក៖

ខេត្តកែប ៖ មន្ត្រីនគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្ត​កែប​ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ថា៖​ មានករណី​ទូរថភ្លើង​ដឹក​ស៊ីទែន​ផ្ទុក​ប្រេង​បាន​របូត រួច​បោក​ប៉ះទង្គិច​គ្នា​ធ្លាក់​ចេញពី​ផ្លូវ​បណ្តាលឱ្យ​អ្នកបើកបរ​២​នាក់​រងរបួស​។ 

​មន្ត្រីនគរបាល​ការិយាល័យ​ចរាចរណ៍​ បានឱ្យដឹងទៀតថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលេីនេះ​ បានកេីតឡេីង​កាលពី​វេលា​ម៉ោង​៥ និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែសីហានេះ ស្ថិតនៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប​។

មន្រ្តី​ដដែល​បន្ត​ថា​ ចំពោះអ្នកបើកបរ​រថភ្លើង​២​នាក់​ ដែលរងរបួស​ស្រាលនោះ ទី១.ឈ្មោះ គង់ សន ភេទ​ប្រុស អាយុ ៦១​ឆ្នាំ​។ និងទី២. ឈ្មោះ ព្រាប សុ​វ​ត្តិ ភេទ ប្រុស អាយុ ៣០​ឆ្នាំ​។ ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ​។ 

មុនពេលកើតហេតុ​គេឃើញ​រថភ្លើង​ កំពុង​ធ្វើ​ដំណើរ​នៅលេី​ផ្លូវដែក​ដោយមានដឹកទូ​ស៊ី​ទែន​ដឹក​ប្រេង​ជាច្រើន​ លុះជិះមកដល់ចំណុចកេីតហេតុ​មិនដឹងជាយ៉ាងម៉េចស្រាប់តែរបូត​ទូ​ស៊ី​តែ​ន​ដឹក​ប្រេង រួច​បោក​ប៉ះទង្គិច​គ្នា ហើយ​ធ្លាក់​ចេញពី​ផ្លូវ​ត្រង់ចំណុច​ប៉េ​.​កា​១៤៨ ស្ថិត​ក្នុងភូមិ​ដំណាក់​ចង្អើរ​សង្កាត់​ព្រៃធំ បង្ក​ការភ្ញាក់​ផ្អេីលដល់ប្រជាពលរដ្ឋ​នាំគ្នា​មក​ត្រងប្រេងដែល​ធ្លាយ​ហូរ​ចេញ​ពី​ស៉ីទែន​ ដោយមិនគិត​ពីការគ្រោះថ្នាក់​ ដល់ជីវិតរបស់ពួកគេនោះឡេីយ។ 

ជាមួយគ្នានោះ​ សមត្ថកិច្ច​ក៏បានអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​សូម​ប្រុងប្រយ័ត្ន​ចំពោះ​ហានិភ័យ​ដល់ខ្លួនឯង​ ព្រោះវាជារឿងគ្រោះថ្នាក់ខ្លាំង​ ប្រសិនបើ​មានករណី​អគ្គីភ័យ​កេីតឡេីង។ 

គួរបញ្ជាក់ថា​ ក្រោយកេីតហេតុ​គេឃើញ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ ចុះ​ទៅជួយអន្តរគមន៍​ និងបានបញ្ជាក់​ថា ករណីគ្រោះថ្នាក់ចរាចរណ៍​នេះ​ មិនបណ្តាល​ឱ្យមាន​អគ្គីភ័យ​នោះទេ​ គ្រាន់តែ​ខូចខាត​ក្បាលរថភ្លើង​១​គ្រឿង​ ព្រមទាំង​ស៊ីទែន​ចំនួន​២​ ត្រូវ​បានបែកធ្លាយ​ បណ្ដាលឱ្យ​ហូរប្រេងចេញមកក្រៅ៕​

ដោយ​៖ សហការី​


ចែករំលែក៖