ខេត្តតាកែវ ៖ មានបញ្ហាមិនចេះចប់មិនចេះហើយចំពោះក្រុមអាជីវករលក់ដូរនៅក្នុងផ្សារណាត់ ក្រុងដូនកែវ ខេត្ត តាកែវ។ យ៉ាងណាក៏ដោយមកដល់ពេលនេះអាជីវករតិចតួចប៉ុណ្ណោះដែលបានទៅលក់ដូរនៅក្នុងផ្សារនេះបើទោះបីជាអ្នកគ្រប់គ្រង,អ្នកវិនិយោគអញ្ជើញឲ្យចូលទៅលក់ដូរក៏ដោយ។ ជាទូទៅអ្នកលក់ដូរហាក់មិនមានចិត្ត ចង់ទៅលក់ដូរក្នុងផ្សារនេះទេ។
ភាពយឺតយ៉ាវក្នុងការសាងសង់ផ្សារ ព្រមទាំងខុសកិច្ច សន្យារវាងអ្នកវិនិយោគផ្សារនិងអាជីវករមួយផ្នែកផងនោះ បានធ្វើឲ្យអាជីវករមួយភាគធំមិនព្រមចូលលក់ក្នុងផ្សារណាត់ថ្មី។ ក្រៅពីនេះប្រភពខ្សិបខ្សៀវថា កិច្ចសន្យាដែលត្រូវកសាងផ្សារឲ្យហើយតាំងឆ្នាំ២០២២នោះ មក ដល់ពេលនេះមិនទាន់ហើយរួចរាល់នៅឡើយទេ។
មានអាជីវករជាន់ក្រោមនៃផ្សារណាត់ថ្មីបានចូលលក់ដូរតាមតូបខ្លះៗហើយ តែតូបជាន់ខាងលើៗគឺមិនទាន់មានអាជីវករចូលលក់ដូរប្រកបអាជីវកម្មនៅឡើយទេ។ ក្រុមអាជីវករបានលើកឡើងថា ពេលនេះការសាងសង់ផ្សារ ណាត់ហាក់នៅទ្រឹងមិនដំណើរការសោះ ទោះបីជាលេចរូបរាងអាគារហើយយ៉ាងណាក៏ដោយ តែសម្ភារៈបរិក្ខា ការ,ខន្ធបែងចែកតូបនៅជាន់ទី១ ទី២ និងទី៣ នៅតែមិនច្បាស់លាស់។ ម្យ៉ាងជណ្តើរយន្តដែលអ្នកវិនិយោគផ្សារថាដាក់សម្រាប់ឡើងទៅជាន់ខាងលើនោះ គឺមិន ទាន់ដាក់នៅឡើងទេ។ ដូចដែលការរៀបរាបខាងលើនេះហើយ ទើបមិនមានក្រុមអាជីវករចូលលក់ដូរប្រកបអាជីវកម្មពួកគាត់។
សូមបញ្ជាក់ថា ផ្សារណាត់ថ្មីនេះគឺមានទីតាំងស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មានទំហ៊ុំ១៥ម៉ែត្រ គុណ៨០,១៥ ម៉ែត្រ កំពស់៣ជាន់ និងមានតូបប្រមាណជាង៤០០តូប ដោយបានចាប់ផ្តើមបុកគ្រឹះនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ និងផែនការបញ្ចប់ការ សាងសង់ចុងឆ្នាំ២០២២។ មកដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ សកម្មភាពសាងសង់មិនបានបញ្ចាប់ គឺនៅទ្រឹងនៅឡើយទេ ហើយមានតែអាជីវករមួយចំនួនតូចបានចូលលក់នៅជាន់ក្រោម៕
ដោយ៖ សូរិយា