ព័ត៌មានទាន់ហេតុការណ៍៖

លោក កិត្តិនិតិកោសល បណ្ឌិត ទេសរដ្ឋមន្ត្រី ស្នើកិច្ចប្រជុំអាស៊ាន-ផេកលើកទី ១៩ ផ្តោតទៅលើរបៀបវារៈសំខាន់ពីរ

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ ឬ ហៅកាត់ អ.ប.ព. ឬ ACU បានរៀបចំក្នុងឋានៈជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេននៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន ឆ្នាំ២០២២-២០២៣ ដែលកិច្ចប្រជុំថ្ងៃនេះជាកិច្ចប្រជុំលើកទី១៩ ក្នុងកម្រិតថ្នាក់លេខាធិការដ្ឋាន ដោយមានការចូលរួមពីតំណាងស្ថាប័នប្រឆាំងអំពើពុករលួយទាំង ១០ ប្រទេស ក្រោមអធិបតីភាពបើកដ៏ខ្ពង់ខ្ពស់របស់ លោក កិត្តិនិតិកោសល បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែសីហា ឆ្នាំ២០២៣ នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា 

ជាកិច្ចស្វាគមន៍ ក្នុងសុន្ទរកថាបើករបស់ លោក កិត្តិនីតិ កោសលបណ្ឌិត ទេសរដ្ឋមន្ត្រី មានអត្ថន័យថា «ពេលនេះជាថ្មីម្តងទៀតគឺជាកិត្តិយសដ៏ធំធេង សម្រាប់អង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលេខាធិការដ្ឋាន នៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក) លើកទី១៩ បន្ទាប់ពីកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេកលើកទី១៨ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញកាលពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។ 

បន្ទាប់ពីស្វាគមន៍ដល់គ្រប់គណៈប្រតិភូប្រឆាំងអំពើពុករលួយទាំង១០ ប្រទេស និងការវាយតម្លៃមួយចំនួនរួចមក លោក កិត្តិនីតិកោសលបណ្ឌិត  បានស្នើកិច្ចប្រជុំផ្តោតសំខាន់ទៅលើកិច្ចការពីរតាមរបៀបវារៈដែលបានគ្រោងទុកជាមុន គឺ :

«(១) អំពីបែបបទនៃការដាក់សម្ភោធកូនសៀវភៅអេឡិចត្រូនិករបស់អាស៊ាន-ផេក ។

និង (២) អំពីបែបបទសម្រាប់គណៈកម្មការប្រឆាំងអំពើពុករលួយរបស់ទីម័រទ្បេស្តចូលជាសមាជិកអាស៊ាន-ផេក ជាភាគីទី១១។

លោក កិត្តិនីតិ កោសលបណ្ឌិត  ក៏បានលើកពីសារសំខាន់ផ្សេងទៀតដែរថា ការចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការរវាងភាគីអាស៊ាន-ផេកទាំងអស់ ការបន្តចូលរួមយ៉ាងសកម្មជាមួយនឹងកម្មវិធី ឬព្រឹត្តិការណ៍របស់អាស៊ាន និងការចូលរួមក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធដទៃទៀត ព្រមទាំងកិច្ចសហការលើការងារបណ្តុះបណ្តាលសមត្ថភាពជាមួយភាគីជាដៃគូទៅតាមការឯកភាពរបស់អាស៊ាន-ផេក នៅតែជាការងារដ៏មានសារសំខាន់។

ជាមួយគ្នានេះ អ.ប.ព. ត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់កិច្ចសហការជាមួយ SIA Laos ដែលអនាគតជាម្ចាស់ផ្ទះ និងប្រធានអាស៊ាន-ផេកបន្តវេន និងសមាជិកគ្រួសារអាស៊ាន-ផេក បន្តទៅមុខ និងបន្តទៅអាណត្តិបន្តបន្ទាប់ទៀត។

អាស៊ាន-ផេក អនុវត្តដំណើរការងាររបស់ខ្លួនផ្អែកលើគោលការណ៍ពិគ្រោះយោបល់ និង ឯកភាពជាឯកច្ឆ័ន្ទក្នុងការធ្វើសេចក្តីសម្រេចរបស់ខ្លួន ។ អាស៊ាន-ផេក មានកិច្ចប្រជុំជាទៀងទាត់ ២ លើកក្នុង ១ឆ្នាំ គឺ (១) កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេក ដែលពិនិត្យ និងសម្រេចលើបញ្ហាសំខាន់ៗពាក់ព័ន្ធជាមួយដំណើការ និងការប្រព្រឹត្តទៅរបស់អាស៊ាន-ផេក និង (២) កិច្ចប្រជុំលេខាធិកាដ្ឋានអាស៊ាន-ផេក ដែលដើរតួជាកិច្ចប្រជុំត្រៀមរៀបចំការងារសម្រាប់ដាក់ជូនទៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេក ដើម្បីពិនិត្យ និង សម្រេច ។ អាស៊ាន-ផេក ក៏អាចមានកិច្ចប្រជុំបន្ថែមរបស់ខ្លួនលើសពី ២លើក ប្រសិនបើ ឬនៅក្នុងករណីចាំបាច់ ។  

អាស៊ាន-ផេក ក៏ទទួលជួបពិភាក្សាជាមួយដៃគូ ទៅតាមសំណើររបស់ដៃគូដើម្បីផ្តល់កិច្ចសហការនូវជំនួយ និងកិច្ចសហប្រតិបត្តិការ ផ្តោតលើកម្មវិធីបណ្តុះបណ្តាលសមត្ថភាពជូនទៅអាស៊ាន-ផេក ។ 

អង្គការ UNODC ក៏ជាដៃគូមួយក្នុងចំណោមដៃគូដទៃទៀត ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការផ្តល់ការបណ្តុះបណ្តាលសមត្ថភាពដល់ អាស៊ាន-ផេក ៕

ដោយ : សហការី


ចែករំលែក៖