ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលចេញ អនុក្រឹត្យស្ដីពីការបង្កើតឧទ្យានជាតិសមុទ្រកោះរ៉ុង

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលចេញ អនុក្រឹត្យស្ដីពីការបង្កើតឧទ្យានជាតិសមុទ្រកោះរ៉ុង សម្រេច ៖

មាត្រា១ – ត្រូវបានបង្កើតឧទ្យានជាតិសមុទ្រកោះរ៉ុងរួមមាន៖ កោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀម កោះម្នាស់ក្រៅ កោះម្ចាស់ក្នុង និងសមុទ្រជុំវិញ ដែលមានផ្ទៃសរុប ៥២.៤៤៨ (ប្រាំម៉ឺនពីរ ពាន់បួនរយសែសិបប្រាំបី) ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង ដោយក្នុង នោះមានផ្ទៃដីទំហំ ៥,៣១១ (ប្រាំពាន់បីរយដប់មួយ) ហិកតា និងផ្ទៃទឹកសមុទ្រទំហំ ៤៧.១៣៧ ( បួនម៉ឺនប្រាំពីរពាន់មួយរយសាមសិបប្រាំពីរ) ហិកតា ដូចមានផែនទីភ្ជាប់មកជាមួយឧបសម្ព័ន្ធទី១ នៃអនុក្រឹត្យនេះ និងមាននិយាមកា (Datum: WGS1984) ដូចខាងក្រោម៖

មាត្រា២ – អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖

ធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ លើកោះ និងបរិវេណសមុទ្រជុំវិញ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព

រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

មាត្រា៣ -ផ្ទៃដីអនុក្រឹត្យតំបន់ឧទ្យានជាតិសមុទ្រកោះរ៉ុងនេះមិនបញ្ចូលដីកម្មសិទ្ធិឯកជន និងដីប្រើប្រាស់

ជាប្រយោជន៍សាធារណៈ។

មាត្រា៤ – ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងឧទ្យានជាតិសមុទ្រកោះរ៉ុង ដោយសហការ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលដែនដីខេត្តព្រះសីហនុ និងខេត្តកោះកុង ដើម្បីធានាកិច្ចគាំពារ បរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

មាត្រា៥-ក្រសួងបរិស្ថានត្រូវកំណត់ និងបែងចែកដើម្បីការកាត់ឆ្កៀលផ្ទៃដីវិនិយោគ ដីលំនៅដ្ឋាន ដីស្រែ-ចំការ និងដីអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅលើកោះនានានៃឧទ្យានជាតិសមុទ្រ កោះរ៉ុង ដោយអនុលោមតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

មាត្រា៦- អនុក្រឹត្យលេខ ១៨៨ អនក្រ.បក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការបង្កើតឧទ្យាន ជាតិកោះរុង និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៧ – រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យ នេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖