ក្រុមនារីអង់គ្លេសបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួត World Cup ស្ត្រីជាលើកដំបូង ខណៈដែលប្រទេសនេះបានយកឈ្នះក្រុមសហម្ចាស់ផ្ទះអូស្ត្រាលីកាលពីល្ងាចថ្ងៃអង្គារ ទី១៦ សីហា ក្នុងលទ្ធផល៣ទល់១ ក្នុងទីក្រុងស៊ីដនី។
ការប្រកួតក្នុងកីឡដ្ឋាន Stadium Australia ជាមួយនឹងជ័យជម្នះ ៣–១ក្រុមនារីអង់គ្លេសបានក្លាយជាក្រុមបាល់ទាត់អង់គ្លេសដំបូងគេចាប់តាំងពីឆ្នាំ១៩៦៦ ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រឈ្នះរហូតនៅលើការប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោក។
រយៈពេល២ឆ្នាំដ៏គួរឱ្យចាប់អារម្មណ៍ក្រោមការដឹកនាំរបស់អ្នកចាត់ការលោកស្រី Sarina Wiegman ខណៈដែលក្រុមនារីអង់គ្លេសដែលបានគ្រងតំណែងជើងឯកអឺរ៉ុបជាលើកដំបូងកាលពីឆ្នាំមុននៅលើទឹកដីខ្លួនឯងបានបង្ហាញពីឧត្តមភាព និងទម្រង់លេងយ៉ាងល្អយកឈ្នះលើម្ចាស់ផ្ទះអូស្ត្រាលី។
ក្រុមនារីអង់គ្លេសរកបាន១គ្រាប់ដោយកីឡាករិនី Ella Toone នៅនាទីទី៣៦ ជួយឲ្យអង់គ្លេសនាំមុខនៅក្នុងតង់ទី១ជាមួយនឹងការស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យ។ ក្រុមតោកំណាចនារីអង់គ្លេស Lionesses បានគ្រប់គ្រងបាល់បានល្អក្នុងតង់ទី២ ប៉ុន្តែអូស្ត្រាលីបានរក១គ្រាប់សងវិញនៅនាទីទី៦៣ ដោយខ្សែប្រយុទ្ធ Sam Kerr ផុតដៃអ្នកចាំទី Mary Earps របស់អង់គ្លេសធ្វើឲ្យលទ្ធផលស្មើ១ទល់១។
ក្រុមនារីអង់គ្លេស បានបន្តវាយសម្រុករហូតធ្លាយសំណាញ់ទីលើក្រុមអូស្ត្រាលី នៅនាទីទី៧១ ដែលរកបានដោយកីឡាការិនី Lauren Hemp ហើយ១គ្រាប់បន្ថែមទៀតរកបានដោយកីឡាការិនី Alessia Russo បានធានានូវជ័យជម្នះនៅចុងម៉ោងក្នុងនាទីទី៨៦ ធ្វើឲ្យអង់គ្លេសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Women’s World Cup គេឃើញអ្នកគាំទ្រតម្រង់ជួរនៅខាងក្រៅសួនអ្នកគាំទ្រក្នុងទីក្រុងស៊ីដនី ៥ម៉ោងមុនពេលចាប់ផ្តើមការប្រកួត ស្ថានីយ៍រថភ្លើងត្រូវបានតុបតែងលម្អដោយប៉េងប៉ោងពណ៌លឿង និងបៃតង ហាងលក់ទំនិញទាំងអស់ ហើយកាសែតបានបិទមុខកីឡាករទាំងមុខ និងខាងក្រោយ។ ការផ្តោតអារម្មណ៍ទាំងអស់គឺទៅលើការប៉ុនប៉ងរបស់សហម្ចាស់ផ្ទះក្នុងការបង្កើតប្រវត្តិសាស្ត្រ ប៉ុន្តែបានចាញ់ក្រោមថ្វីជើងអង់គ្លេស ហើយការមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះធ្វើឲ្យអូស្ត្រាលីឡើងមកប្រកួតប្រជែងវគ្គនេះនៃការប្រកួតបាល់ទាត់នារីពិភពលោកជាលើកទី៣របស់ពួកគេ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Women’s World Cup នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២០ ខែសីហា វេលាម៉ោង៥ល្ងាចម៉ោងនៅកម្ពុជារវាងក្រុមនារីអង់គ្លេសប៉ះក្រុមនារីអេស្ប៉ាញដែលបានយកឈ្នះក្រុមនារីស៊ុយអែត២ទល់១។ ចំណែកការប្រកួតដណ្តើមយកលេខ៣រវាងអូស្ត្រាលីនឹងស៊ុយអែតនឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យដូចគ្នា វេលាម៉ោង៣រសៀលម៉ោងនៅកម្ពុជា ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/FIFA Women’s World Cup)